ជនជាតិអ៊ីស្រាអែល ៤ នាក់ត្រូវបានសម្លាប់ និង ៨ នាក់ផ្សេងទៀតទទួលរងរបួស កាលពីព្រឹកថ្ងៃអង្គារ៍សប្តាហ៍នេះ បន្ទាប់ពីមានការវាយប្រហារមួយទៅលើព្រះវិហារជ្វីហ្វនៅក្នុងទីក្រុងយ៉េរ៊ូសាឡឹម ពីសំណាក់ជនសង្ស័យប៉ាឡេស្ទីន ២ នាក់ ដែលប្រដាប់ដោយពូថៅ និង កាំបិត ហើយ
ទន្ទឹមនឹងហេតុការនេះ ពួកគេត្រូវប៉ូលីសបាញ់សម្លាប់ផងដែរ ។អ្នកនាំពាក្យរបស់ក្រុមមន្ត្រីអាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា ក្រុមភេរវករ ២ នាក់ បានចូលមកក្នុងព្រះវិហារស្ថិតក្នុងសង្កាត់ហាណូហ្វ ក្រោយមកពួកគេបានបើក ការវាយប្រហារដោយពូថៅ និង កាំបិត ព្រមទាំងកាំភ្លើងខ្លីមួយដើម ។
អ្នកកាន់ សាសនាអ័រតូដុកជ្វីហ្វ៤នាក់ត្រូវបានសម្លាប់ នាមុនពេលដែលមន្ត្រីប៉ូលីសធ្វើ ដំណើរមកដល់កន្លែងកើតហេតុ ហើយបាញ់សម្លាប់ឧក្រឹដ្ឋជនទាំង២នាក់នោះ ។ដោយឡែកយោងតាមការស៊ើបអង្កេតដំបូងបង្ហាញថា ជនសង្ស័យទាំង ២ នាក់ ខាងលើនេះ ជាជនប៉ាឡេស្ទីនមានដើមកំណើតនៅក្រុងហ្សេរុយសាឡឹមខាងកើត ហើយព្រះវិហារទទួលរងការវាយប្រហារ គឺស្ថិតក្នុងសង្កាត់អ័រតូដុកជ្វីហ្វ រ៉ាឌីកាល់ ក្នុងទីក្រុងយ៉េរ៊ូសាឡឹមខាងលិច ។
ការវាយប្រហារនោះ ហាក់ដូចជាការសងសឹកក្រោយពីការសម្លាប់អ្នកបើករថយន្តក្រុងជាជនជាតិប៉ាឡេស្ទីនម្នាក់កាលពីយប់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។ អ្នកបើករថ យន្តក្រុងនោះត្រូវប្រទះឃើញស្លាប់ដោយគេចាប់ព្យួរកក្នុងរថយន្តរបស់ខ្លួន នៅទីក្រុងហ្សេរុយសាឡឹមខាងលិច ដោយប៉ូលីសអ៊ីស្រាអែលអះអាងថា ជនរង គ្រោះរូបនោះបានធ្វើអត្តឃាតខ្លួនឯង ៕