សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និងព្រះមន្ត្រីសង្ឃខេត្តនិមន្តចុះសួរសុខទុក្ខ និងជូនគ្រឿងឧបភោគបរិភោគ ដល់គ្រួសារកងទ័ពដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិចំនួន១២គ្រួសារ

0

សៀមរាប៖ នៅរសៀលថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៥ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក និង ប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងព្រះមន្រ្តីសង្ឃខេត្តសៀមរាប ព្រះគ្រូចៅអធិការវត្តក្នុងក្រុងសៀមរាប បាននិមន្តចុះសួរសុខទុក្ខ និងផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគ និង បច្ច័យដល់គ្រួសារកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី មានចំនួន១២គ្រួសារនៅក្នុងខេត្តសៀមរាប ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាថា ការពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី គឺយើងមិនអាចបំភ្លេចបានទេ ហើយ ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ កាលពីពេលថ្មីៗកន្លងទៅនេះ។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានសម្ដែងនូវការសោកស្ដាយ ចំពោះការបាត់បង់នូវវីរកងទ័ពកម្ពុជាដែលបានពលីជីវិត បូជាដើម្បីការពារព្រំដែនទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហាន ។ ការពលីជីវិតរបស់វីរកងទ័ពកម្ពុជាយើង គឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្ដល់តម្លៃជាវីរៈបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា ហើយយើងទាំងអស់គ្នាត្រូវតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត។ ជាមួយគ្នានោះផងដែរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និងព្រះមន្រ្តីសង្ឃខេត្តសៀមរាបរួម និង ព្រះគ្រូចៅអធិការវត្តក្នុងក្រុងសៀមរាប ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី នេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសកុសលជូនចំពោះ វិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ ។
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរកាបញ្ជាក់ជូនបន្ថែមទៀតដែរថា ចំពោះសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគរួមនិងបច្ច័យដែលយកមកប្រគល់នាពេលនេះ គឺបានមកពីការចូលរួមរបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដោយក្នុងនោះដែរ ព្រះមង្គលមុនី គង់ ហេមរង្សី ព្រះចៅអធិការវត្តខេមរារាមនៅសហរដ្ឋអាមេរិក បានផ្ញើរបច្ច័យមួយចំនួន ដើម្បីចូលរួមចែករំលែកទុក្ខលំបាកដែលផ្តល់តាមរយៈព្រះមន្ត្រីសង្ឃខេត្តសៀមរាប ៕