ខេត្តសៀមរាប៖ ព័ត៌មានលំអិតបន្ថែមជុំវិញករណីទុស្សេខ្សែភ្លើងក្នុងក្លឹបកំសាន្តហ៊ីបហប់ទាំងកណ្តាលអធ្រាត្របណ្តាលឲ្យស្លាប់មនុស្សប្រុសស្រីចំនួន៥នាក់ក្នុងនោះមានភ្ញៀវជនជាតិអូស្ត្រាលីម្នាក់ព្រមទាំងមានអ្នករងរបួសធ្ងន់ចំនួន២នាក់ ចំណែកការបាត់បង់និងខូចខាតទ្រព្យសម្បត្តិនៅក្នុងក្លឹប
ទាំងអស់ប្រមាណជាង២៥ម៉ឺនដុល្លា រីឯក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យម្ចាស់ក្លឹបសងជម្ងឺចិត្តក្នុងម្នាក់ៗពី៣០០០ទៅ៤០០០ដុល្លា។សូមរំលឹកផងដែរថា ហេតុការអគ្គីភ័យលេបត្របាក់ក្លឹបកំសាន្តធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្រុងសៀមរាបនេះបានកើតឡើងនៅម៉ោង១យប់ឈានចូលថ្ងៃទី១៨ខែវិច្ឆិកាស្ថិតនៅចំនុចក្នុងក្លឹបកំសាន្ត ហ៊ីប ហប នៅជាប់វត្តរាជដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុពួកគេឃើញភ្លើងហុយចេញពីក្នុងក្លឹប ហ៊ិបហប់ នេះតែម្តងពុំឃើញមានភ្លើងឆេះធំដុំនោះទេ ក្រោយមកមួយសន្ទុះក៏ឃើញមានបុគ្គលិករត់ចេញពីក្នុងទាំងភិតភ័យរួចក៏ឲ្យអ្នកគ្រប់គ្រងរាយការណ៍ទៅឲ្យសមត្ថកិច្ចដើម្បីយករថយន្តពន្លត់អគ្គិភ័យមកឲ្យជួយអន្តរាគមន៍ផង។តាមប្រភពពីអ្នកចូលទៅកំសាន្តក្នុងក្លឹបនេះបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញអ្នកគ្រប់គ្រងបានបញ្ជាឲ្យសន្តិសុខបិទទ្វារដើម្បីគិតលុយសិន ទើបហេតុការនេះឈានទៅដល់ការស្លាប់មនុស្សជាច្រើននាក់បែបនេះ។
ដោយឡែក ក្រុមអ្នកកាន់អបិយ៍ជំនឿបានលើកឡើងស្រដៀងគ្នាថា ទីតាំងខាងលើនេះមានគ្រោះថ្នាក់ ៣លើកមកហើយ លើកទី១ នៅពេលដែលសាងសង់អាគារអតីតក្លិបម៉ាទីនី គឺ
មានផ្ទុះគ្រាប់បែកក្នុងនោះ លើកទី២ នៅពេលដែលជនបរទេសបើកក្លឹប យីហោ ផ្ទះខ្មោច ដែលបានសម្តែងរឿងរំភើបលោះព្រលឹង នោះត្រូវបានឆក់យកជីវិតក្មេងស្រីម្នាក់ទើបបណ្តាលឲ្យម្ចាស់ហាងបានសម្រេចចិត្តបិទហាងរបស់ខ្លួនចោល និងលើកទី៣ ត្រូវបានឆក់យកជីវិតមនុស្សប្រុស ស្រីចំនួន៥នាក់ នៅក្នុងក្លឹបកំសាន្ត ហ៊ីប ហប់ នេះបន្តទៀត ហើយបច្ចុប្បន្ននេះត្រូវបានម្ចាស់ដី សម្រេចចិត្តដកយកវិញ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ក្លឹបទាំងពីរនាក់បងប្អូននោះមានទី១/ឈ្មោះ លី កងស្រ៊ុន ភេទប្រុសអាយុ៣៣ឆ្នាំ ត្រូវជាបង និងប្អូនឈ្មោះ លី កងវង ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។លោកវរសេនីយ៍ឯក ថង សាគុណ ស្នងការរង ទទួលបន្ទុក ព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកានេះថា អ្នកដែលស្លាប់នៅក្នុងហេតុការនោះមានចំនួន ៥នាក់(ស្រី៣នាក់)ក្នុងនោះមានភ្ញៀវជនជាតិអូស្ត្រាលី(ប្រុស)ម្នាក់ឈ្មោះTOM ARIEKET SON ភេទប្រុសអាយុ៣៣ឆ្នាំ ទី២/ឈ្មោះ ព្រំ ភិរុណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅភូមិថ្មី សង្កាត់
ស្វាយដង្គំ ទី៣/ឈ្មោះ ចេង សាវឿន ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិតាភុល សង្កាត់ស្វាយដង្គំ ទី៤/ឈ្មោះ ជា ស្រីនី ភេទស្រី អាយុ៣៦ឆ្នាំមុខរបរខារាអូខេCNNស្នាក់នៅបន្ទប់ជួល ភូមិស្រង៉ែ សង្កាត់ស្រង៉ែ និងទី៥/ឈ្មោះ សឿន សាវូន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដនិងអ្នករងរបួសធ្ងន់២នាក់(ស្រី)មានឈ្មោះ អាត សារ៉ាត ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិទ្រាំង សង្កាត់ស្លក្រាម និងម្នាក់ទៀតឈ្មោះ យ៉ាត ស្រី ម៉ៅ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរខារ៉ាអូខេ រស់នៅផ្ទះជួល ភូមិ
សាលាកន្សែង សង្កតា់ស្វាយដង្គំ អ្នកទាំងពីរកំពុងសំរាកនៅក្នុងមន្ទីរពេទ្យខេត្ត សុទ្ធតែជាភ្ញៀវដែលមកចូលផឹក,រាំសប្បាយទេពុំមានបុគ្គលិកនោះទេ។លោកបន្តទៀតថារហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចជំនាញបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនិងសាច់ញ្ញាតិរបស់ជនរងគ្រោះចំនួន៣នាក់ ហើយពួកគេទាំងនោះបានទាមទារសំណងជាទឹកប្រាក់ចាប់ពី៣០០០ទៅ៤០០០ដុល្លា។លោកបន្តទៀតថា យោងតាមការពិនិត្យជាក់ស្តែងករណីគ្រោះអគ្គិភ័យនេះមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង។
លោកបន្ថែមថា បច្ចុប្បន្ននេះ កម្លាំងការិយាល័យជំនាញនៃស្នងការខេត្តបានរៀបចំសំណុំរឿងមួយនេះបញ្ជូនទៅតុលាការនៅថ្ងៃនេះ។ចំណែកសាកសពទាំង៥នាក់នេះសមត្ថកិច្ចបានធ្វើការប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯសពរបស់ជនជាតិអូស្ត្រាលី ប្រគល់ទៅឲ្យខាងស្ថានទូតរួចរាល់អស់ហើយតែមិនទាន់បានដាក់ពាក្យបណ្តឹងនោះទេ។
ជុំវិញករណីនេះលោក សំរិទ្ធ សុខុន ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទឲ្យដឹងនៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកានេះថា ចំពោះករណីនេះលោកមិនទាន់ដឹងនោះទេ ព្រោះរងចាំខាងសមត្ថកិច្ចបញ្ជូនសំណុំរឿងនោះមកសិន ទើបមានចំណាត់ការស៊ើបអង្កេតលំអិតបន្តពីបញ្ហានេះ។
ចំណែកលោក ហុកពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩នេះថា ការឆេះនៅក្នុងក្លឹបកំសាន្ត ហ៊ីប ហប់ នេះ បើតាមច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គឺម្ចាស់ត្រូវទទួលខុសត្រូវរឿងរដ្ឋប្បវេណីសងទៅជនរងគ្រោះដោយពុំមានទោសនោះទេ ប៉ុន្តែបើស៊ើបទៅឃើញមានករណីឃាតកម្មដោយចេតនា ម្ចាស់ក្លឹបនោះត្រូវសងជម្ងឺចិត្ត និងមានទោសថែមទៀតផង។ដូច្នេះនៅទីតាំងខាងលើនេះ គេនៅមិនដឹងថា មានថៅកែណាម្នាក់ ហ៊ានមកជួលបន្តទៀតឬអត់ ព្រោះបើតាមជំនឿទីតាំងខាងលើនេះ អាចមានខ្មោចឬព្រាយបីសាចរងចាំឆក់យកជីវិតក្នុងមួយឆ្នាំម្តង៕