បាត់ដំបង: បុរសដែលជាប្តីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង5,15នាទីល្ងាចថ្ងៃទី20-11-14 ត្រង់ចំនុចភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីបុរសរូបនេះបានប្រើអំពើហឹង្សាដោយវាយដំនិងប្រើកាំបិតអារសាច់ទៅលើស្ត្រីជាភរិយាអស់រយ:ពេលជាច្រើនថ្ងៃ
ដោយសារតែភ្លើងប្រច័ណ្ឌរួចមក. ។យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះដែលជាភរិយាឈ្មោះ វុន សុីថា អាយុ25ឆ្នាំរស់នៅត្រង់ចំនុចកើតហេតុខាងលើបានរៀបរាប់ថា កាលពីដើមខែកញ្ញាឆ្នាំ2014 រូបនាងបានចេញទៅធ្វើការនៅក្នុងរោងចក្រឯទីក្រុងភ្នំពេញបានតែរយ:ពេលជាងមួយខែប៉ុណ្ណោះក៏ត្រូវបានស្វាមីទូរស័ព្ទហៅអោយត្រឡប់មកផ្ទះវិញដោយមានការចាំបាច់. ។
ស្ត្រីរងគ្រោះបានបន្តថា ចាប់តាំងពីថ្ងៃទី10រហូតដល់ថ្ងៃទី19-11-14គឺរូបនាងត្រូវបានស្វាមីធ្វើបាបរាល់ថ្ងៃទាំងនៅក្នុងផ្ទះក៏ដូចជានៅតាមចំការដំឡូងជាដើមគឺទីតាំងដែលធ្វើបាបស្ថិតក្នុងភូមិធ្ង័រ និងភូមិសំបួរមាសក្នុងឃុំស្នឹងត្រង់ចំនុចពឺតដែលគេបានចងជើង និងដៃចងស្លាបសេកទៅខាងក្រោយជាប់នឹងដើមឈើជាដើមដែលទារុណកម្មនេះគេបានប្រើប្រាស់កណ្ឌៀវ កាំបិត និងរំពាត់ខ្សែភ្លើងជាដើម. ។
ស្ត្រីរងគ្រោះបានលើកហេតុផលដែលនាងបានរួចខ្លួនពីនរកអវចីយ៍នេះថា នៅថ្ងៃចុងក្រោយនាងបានប្រើវិធីល្បួងស្វាមីរបស់ខ្លួនសុំអោយជូនទៅមណ្ឌលសុខភាពដើម្បីព្យាបាលស្នាមរបួសនៅលើខ្លួនប្រាណរបស់នាង នៅពេលនោះបុរសជាប្តីក៏យល់ព្រមជូនទៅ ប៉ុន្តែនៅពេលដែលទៅដល់មណ្ឌលសុខភាពនាងបានឆ្លៀតគេចខ្លួនចូលទៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅក្បែមណ្ឌលសុខភាពនោះដើម្បីដាក់ពាក្យប្តឹងព្រមទាំងបានឃាត់ខ្លួនតែម្តង. ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឌឿន វ៉ាន់ អាយុ31ឆ្នាំបានរៀបរាប់អំពីរឿងហេតុនេះថា កាលដែលប្រពន្ធទៅធ្វើការនៅក្នុងរោងចក្រឯទីក្រុងភ្នំពេញគឺមានគេម្នាក់ទូរស័ព្ទមកប្រាប់ថាប្រពន្ធរបស់ខ្លួនមានប្រុសថ្មីហើយទើបភ្លើងប្រច័ណ្ឌបានឆាបឆេះឡើងដែលបង្ខំចិត្តអោយហៅប្រពន្ធឡើងមកបាត់ដំបងវិញព្រមទាំងបានធ្វើទារុណកម្មតែម្តងដោយសារតែខឹងខ្លាំងពេក. ។ ហើយនៅក្នុងខណ:ដែលភរិយាមកដល់ផ្ទះក៏មានគេទូរស័ព្ទមកម្តងដែរដែលបានឆ្លើយឆ្លងជាមួយប្រពន្ធរបស់ខ្លួនបើទោះបីជាមានការបដិសេធថាគ្រាន់តែជាអ្នករាប់អានគ្នានិងធ្វើការក្នុងរោងចក្រជាមួយគ្នាក៏ដោយ. ។
យោងទៅលើស្លាកស្នាម និងពាក្យបណ្តឹងដែលស្ត្រីរងគ្រោះសុំអោយសមត្ថកិច្ចធ្វើទៅតាមផ្លូវច្បាប់នោះបច្ចុប្បន្នកំលាំងជំនាញនៃអធិការដ្ឋាននគរបា់ស្រុកបាណន់កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យដែលជាស្វាមីចិត្តមានេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់. ៕