សៀមរាបៈក្រុមហ៊ុនចិនសៀងហៃ ជាក្រុមហ៊ុនមួយត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិអោយជួសជុល និងពង្រីកផ្លូវជាតិលេខ៦។ក្រុមហ៊ុននេះបានដឹកជញ្ជួនថ្មមកជួសជុលនិងពង្រីកផ្លូវជាតិលេខ៦មកពីចំណុចក្បាលខ្មោចឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ដឹកជញ្ជូនតាមផ្លូវថ្នល់ក្រាលគ្រួសក្រហមឆ្លងកាត់ភូមិសាស្ត្រឃុំខ្វាវ ឃុំពង្រលើ ឃុំពង្រក្រោម ឃុំកំពង់ក្តី យកថ្មមកស្តុកទុកនៅភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រុមហ៊ុននេះ មិនបានគិតគូដល់សុខភាពនិងសុវត្ថិភាពព្រមទាំងច្បាប់ចរាចរណ៍ផ្លូវគោកទេ។
អ្នកបើកបរផ្លូវនេះកំពុងតែព្រួយបារម្ភអពីការជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ពួកគេបាននិយាយថា៖ មានមន្ត្រីប៉ូលីសម្នាក់ តែមិនបាននិយាយអំពីឈ្មោះប្រាប់អ្នកបើកបរនៅតាមផ្លូវនេះទាំងអស់ អោយបើកបរដោយប្រុងប្រយ័ត្ន ព្រោះផ្លូវនេះគឺជាផ្លូវវិស្វកម្ម ប្រសិនបើប៉ះទង្គិចជាមួយឡានក្រុមហ៊ុនចិនសៀងហៃ ច្បាប់មិនអាចរកខុសត្រូវអោយបានឡើយ។ ចំណែកឯប្រជាពលរដ្ឋរស់នៅក្នុងឃុំខ្វាវនិងឃុំពង្រលើបាននិយាយថា៖ លោកមេឃុំខ្វាវនិងមេឃុំពង្រលើព្រមទាំងអភិបាលស្រុកជីក្រែងមិនបានគិតគូពីសុខភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
បណ្តោយអោយក្រុមហ៊ុនចិនសៀងហៃ ដែលមានឡានដឹកជញ្ជូនថ្មចំនួន៣៩គ្រឿងដឹកជញ្ជូនថ្មទាំងយប់ទាំងថ្ងៃ ដោយមិនបាញ់ទឹកតាមថ្នល់ធ្វើអោយធូលីហុយដកដង្ហើមស្ទើតែមិនរួចមើលអ្វីក៏មិនឃើញ ប្រសិមបើក្រុមហ៊ុនចិនសៀងហៃនៅតែបន្តធ្វើដូចច្នេះតទៅទៀតប្រជាពលរដ្ឋ នឹងជួបប្រទះនឹងជំងឺព្រមទាំងគ្រោះថ្នាក់ចរាចរណ៍ច្រើនជឿជាក់ជាមិនខាន។អ្នកសារពត៌មានបានទូរស័ព្ទទៅលោក កុញ ហ៊ត់ មេឃុំខ្វាវដើម្បីបំភ្លឺរឿងនេះ ប៉ុន្តែទំនាក់ទំនងមិនបាន។
ចំណែកឯលោក មិន ជួប មេឃុំពង្រលើបាននិយាយថា៖ លោកមានការខ្វល់ខ្វាយពីបញ្ហានេះជាងប្រជាពលរដ្ឋទៅទៀតព្រោះលោកគឺជាអាណាព្យាបាលរបស់ពួកគាត់។ ជាក់ស្តែងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ រូបលោកនិងមេឃុំផ្សេងៗទៀត រួមជាមួយលោក ពៅ ប៊ុនធឿន អភិបាលគណៈអភិបាលស្តីទីស្រុកជីក្រែង នាំគ្នាទៅជួបប្រជុំក្រោមអធិបតី ភាពឯកឧត្តម ង៉ែត ណារិន ប្រធានវិស្វកម្មក្រសួងការពារជាតិ នៅក្នុងបន្ទប់លេខ១សាលាខេត្តសៀមរាបដើម្បីដោះស្រាយ បញ្ហាប្រឈមមុខគ្រោះថ្នាក់ជាមួយប្រធានក្រុមហ៊ុនចិនសៀងហៃ លោកបន្តទៀតថា៖ ឯកឧត្តម ង៉ែត ណារិន បានប្រាប់អោយប្រធានក្រុមហ៊ុនបាញ់ទឹកទៅលើថ្នល់ និងអោយអ្នកបើកបរដឹកថ្មបន្ថយល្បើន ដើម្បីសុខភាព និងសុត្ថិភាពរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែរហូតដល់ពេលនេះក្រុមហ៊ុនមិនទាន់ធ្វើបាននៅឡើយ។ លោក ពៅ ប៊ុនធឿន បានប្រាប់អ្នកសារពត៌មានថា៖ លោកមានការព្រួយបារម្ភពីករណីនេះណាស់គ្រាន់តែបានទទួលរបាយការណ៍ពីមេឃុំភ្លាម លោកបាននាំមេឃុំទាំងអស់ទៅជួបប្រជុំជាមួយឯកឧត្តម ង៉ែត ណារិន ដើម្បីដោះស្រាយអំពីបញ្ហាទាំងនេះជួនប្រជារដ្ឋ លោកអភិបាលក៏បានបន្តទៀតថា៖ ប្រសិនបើបញ្ហានេះក្រុមហ៊ុនមិនអាចរកដំណោះស្រាយបានទេលោកអភិបាលអោយមេឃុំនាំប្រជាជនប៉ិកមេដៃដើម្បីធ្វើរបាយការណ៍ដាក់ទៅថ្នាក់លើរកដំណោះស្រាយជួនប្រជាពលរដ្ឋតទៅទៀត។ ចំណែកឯប្រធានក្រុមចិនសៀងហៃ អ្នកសារពត៌មានមិនអាចធ្វើការទំនាក់ទំនងបានទេ។
ស្រុកជីក្រែង (ដោយ ព្រំ សុខា និង អ៊ុក ផ្លុង)




































