ភ្នំពេញ៖ហេតុការណ៍ដែលបានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាងឆោឡោ ចេញមកមើលនោះ គឺបន្ទាប់ពីនារីម្នាក់ បានស្រែកថាចោរៗ ដែលត្រូវបានចោរមួយក្រុម មានគ្នា៦នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានភ្ជង់ប្លន់ម៉ូតូស្កុបពី សេរីឆ្នាំ២០១៥ ពីនារីម្នាក់បានសម្រេច រួច
រត់គេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈដែលរូបនាង បានចេញពីរៀន រួចធ្វើដំណើរមកដល់មុខផ្ទះហើយនោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៩នឹង៣០នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីរៀបរាប់ ពីនារីជាជនរងគ្រោះ ដែលមានឈ្មោះ កើត ចាន់ដារ៉ា អាយុ១៩ឆ្នាំ មុខរបរ ជាសិស្ស ស្នាក់នៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូស្កុបពី ពណ៍ក្រហមមួយគ្រឿង គ្មានស្លាកលេខ ចេញពីសាលារៀន ក្នុងគោលបំណងត្រឡប់មកផ្ទះវិញ ខណៈមកដល់មុខផ្ទះទៅហើយនោះ ស្រាប់តែមានក្រុមចោរមួយក្រុម ជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ បានដកកាំភ្លើងខ្លីមួយដើមភ្ជង់ និងគំរាមបាញ់នារីរងគ្រោះ ។
នារីរងគ្រោះបន្តទៀតថា ក្រុមចោរក៏បានយកម៉ូតូរបស់នាង តែដោយសារស្តាយនៅម៉ូតូថ្មី ដែលជារបស់ខ្លួននោះ នារីរងគ្រោះបានឆោឡោឡើងថាចោរៗ ខណៈនោះចោរម្នាក់ ក្នុងចំណោម៦នាក់ បានបាញ់ទៅលើនារីរងគ្រោះ ចំនួន៣គ្រាប់ ប៉ុន្តែសំណាងល្អ គ្រាប់ស្អុយមិនផ្ទុះ ដោយមានការភ្ញាក់ភ្អើល ដល់ប្រជាពលរដ្ឋជិតខាង ក្រុមចោរក៏បានយកម៉ូតូនារីរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថ បានចុះមកធ្វើការអន្តរាគមន៍ រួចនាំនារីរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅបុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួន ៕