កំពង់ឆ្នាំង៖យុវជនម្នាក់បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តបីគ្រឿងបើកគេចគ្នា និងបានបុករះបន្តគ្នាចំម៉ូតូមួយគ្រឿងកំពុងឈប់ទិញលៀសហាលនៅលើចិញ្ចើម។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ
២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥៤ និងលេខ៥៥ នៅចំណុចខាងមុខវិហារខ្មែរឥស្លាមស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចចុះវាស់វែងកន្លែងកើតហេតុបាននិយាយអោយដឹងថា៖ រថយន្តដែលបានបង្កគ្រោះថ្នាក់មានម៉ាកហាយឡែនឌ័រពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2T 0828 បើកបរដោយម្ចាស់ឈ្មោះ យុ ឡុង ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងក្រុងភ្នំពេញបើកបរទិសដៅពីត្បូងទៅជើងស្របទិសគ្នា រថយន្តមួយគ្រឿងទៀតបើកបរមកពីមុខម៉ាកកូរ៉េពណ៍សពាក់ស្លាកលេខ កំពង់ឆ្នាំង2A 1196 បើកបរដោយម្ចាស់ឈ្មោះ ម៉ាន វី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកំពង់ត្រឡាច ដោយឡែករថយន្តម៉ាក់នីសាន់ពណ៍សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ 2G 6627 បើកបរពីជើងទៅត្បូងបញ្ច្រាស់ទិសគ្នា។
សមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុរថយន្តម៉ាកនីសាន់ដែលមានដឹឥវ៉ាន់ពេញបានបើកជែងរថយន្តមួយខ្សែដែលបើកពីមុខតែទៅមិនរួច ភ្លាមនោះក៍វ៉ាក់ជាមួយរថយន្តម៉ាកកូរ៉េដែលបើកបរបញ្ច្រាស់ទិសគ្នាពេលនោះរថយន្តកូរ៉េបានបើកគេចមកខាងស្តាំធ្លាក់ចិញ្ចើមផ្លូវ ពេលនោះដែររថយន្តម៉ាកហាយឡែនឌ័រ ដែលបានបើកពីក្រោយរថយន្តកូរ៉េបានប្រាស់គេចមកខាងឆ្វេងដៃរបស់ខ្លួន ខណះដែលរថយន្តនីសាន់បានគេចមកខាងឆ្វេងដៃដែរ ជាន់ហ្វ្រាំងអូសកង់ចម្ងាយប្រមាណជា៥០ម៉ែត្រ និងបានរេចង្កូតមកបុករថយន្តម៉ាក់ហាយឡែនឌ័របណ្តាលអោយបែកចង្គៀងមុខខាងស្តាំ ហើយរថយន្តនីសាន់បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាកស្លាកលេខភ្នំពេញ 1AF 3966 បើកបរដោយម្ចាស់ឈ្មោះ ពៅ ម៉ារី អាយុ១៧ឆ្នាំ ដែលឈប់នៅលើចិញ្ចើមផ្លូវបណ្តាលអោយរងរបួសធ្ងន់ រួចរថយន្តនីសាន់ដែលបង្កហេតុបានធ្លាក់ប្រឡាយទឹកបុកនិងលូមុខផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច។
ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីពេទ្យស្រុកកំពង់ត្រឡាចដើម្បីសង្គ្រោះជីវិត។ចំណែករថយន្តទាំង៣គ្រឿង និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចណ៍ស្រុកកំពង់ត្រឡាច អូសយកមករក្សាទុកនៅអធិការនគបាលស្រុក កសាងសំណុំរឿងតាមផ្លូវច្បាប់។ករណីគ្រោះថ្នាក់ខាងលើនេះសមត្ថកិច្ចបានសន្និដ្ឋានថាមកពីអ្នកបើកបរថយន្តនីសាន់ដឹកធ្ងន់បើកបរក្នុងល្បឿនលឿន និងបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ទើបបង្កអោយមានគ្រោះថ្នាក់បែបនេះកើតឡើង៕