ក្រុមចោរដែលមានជំនាញ ខាងលួចរថយន្តស៊េរីទំនើបៗ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ចំនួន៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពីបទលួចមានស្ថានទម្ងន់ទោស ។ ក្រុមចោរទាំង៣នាក់នេះ ទី១មានឈ្មោះ ផន
កេង ហៅ ត្រេន ភេទប្រុស អាយុ៣៥ឆ្នាំ ទី២ឈ្មោះ លឹម ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ នឹងទី៣ឈ្មោះ កែវ ស៊ីថៃ ភេទប្រុស អាយុ២៥ឆ្នាំ ក្រុងចោរទាំង៣នាក់នេះ ពុំមានទីលំនៅពិតប្រាកដនោះទេ ។
តុលាការរាជធានីភ្នំពេញ សម្រេចចេញដីកា ឃុំក្រុមចោរទាំង៣នាក់ ខាងលើនេះ គឺយោងទៅលើបទល្មើសជាច្រើន ដែលបានកើតមានទ្បើង យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ដូចជា៖ ប្លន់ប្រដាប់ដោយអាវុធ ឆក់ និងលួយ ដែលសពថ្ងៃនេះ រាជធានីភ្នំពេញ កំពុងតែកើតទ្បើងជាច្រើន ។
ក្នុងករណីអសន្តិសុខ ខាងលើទាំងអស់នេះដែរ ត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ នឹងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់បទបញ្ជារ ឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ហើយធ្វើយ៉ាងណា ឲ្យបទល្មើសទាំងអស់នោះ ថយចុះជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងផងដែរថា ក្រោយពេលឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដាក់បទបញ្ជាដ៏មានប្រសិទ្ធភាពមកនោះ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានសហការណ៍ ជាមួយកំលាំងអាវុធហត្ថ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់ឃាត់បានក្រុមចោរលួចរថយន្តដ៏សកម្ម នៅក្នុងរាជធានីភ្នំពេញ ចំនួន៣នាក់ ព្រមទាំងដកហូតបានរថយន្ត របស់ជនរងគ្រោះ ចំនួន៣គ្រឿងផងដែរ ។
បើតាមការឆ្លើយសារភាព របស់ក្រុមចោរទាំង៣នាក់នេះថា កន្លងមកពួកគេ ធ្លាប់បានធ្វើសកម្មភាព លួចរថយន្តសរុប ចំនួន៧គ្រឿងហើយ សុទ្ធតែជាប្រភេទរថយន្ត ស៊េរីទំនើបៗទៀតផង ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា រាល់បទល្មើសធំៗជាច្រើន ដែលកម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបបានយ៉ាងជោគជ័យ នាពេលកន្លងមក អង្គភាពនិងចងក្រងឯកសារទាំងអស់នោះ សំរាប់បូកសរុបលទ្ធផលប្រចាំឆ្នាំ ។
ហើយឯកឧត្តម ក៏និងសង្ឈឹមយ៉ាងម៉ុតមាំថា ករណីដែលបង្កភាពអសន្តិសុខ ដល់សង្គមទាំងអស់ និងមានភាពថយចុះជាបន្តបន្ទាប់ ជាពិសេស នៅតាមមូលដ្ឋាននីមួយៗ ត្រូវតែមានកម្លាំងចុះល្បាតឲ្យបានជាប្រចាំ ដើម្បីទប់ស្កាត់រាល់បទល្មើស និងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ៕