បើតាមសេចក្ដីរាយការណ៍ ពីប្រជានេសាទ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្ដពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា សពថ្ងៃនៅក្នុងមូលដ្ឋានរបស់ពួកគាត់ សង្កេតឃើញកើតមានបទល្មើសនេសាទទ្រង់ទ្រាយធំៗ ជាច្រើនកន្លែង ដូចជា ៖ បរ និងដាក់ដាយ
និងឧបករណ៍រួមផ្សំ ដោយសាច់អ៊ួនក្រឡាញឹក សម្រាប់ចាប់កូនត្រីចម្រុះគ្រប់ប្រភេទ បទល្មើសនេសាទនេះ កើតមានក្នុងតំបន់បឹងកាព្រីង និងស្ពានដែក ពុំដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធ នឹងមន្ដ្រីជលផល ផ្នែកដីរនាត មានវិធានការ ចុះបង្ក្រាបម្ដងណាឡើយ តាំងពីខែបិទ រហូតដល់ខែបើក ។
ប្រភពដដែលបានបន្ដទៀតថា បទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់ ដោយដាក់ដាយក្នុង១ខ្សែៗ មានប្រវែងចាប់ពី៥០០ម ទៅ១០០០មឯណោះ សម្រាប់ចាប់កូនត្រី យកមកឱ្យត្រីស្ដោរ និងត្រីរ៉ស់ស៊ីជាចំនី ហើយក្រុមប្រើឧបករណ៍ប្រភេទនេះ គេដាក់ក្នុងព្រែកតាមគន្លងរៀងៗខ្លួន ជារៀងរាល់ឆ្នាំ ហើយឧបករណ៍នេះ កើតមានជុំវិញតំបន់ខាងលើ រហូតជាង៣០កន្លែងឯណោះ ។
សូមបញ្ជាក់ថា បទល្មើសនេសាទ ដែលប្រើឧបករណ៍ទ្រង់ទ្រាយធំជាងគេ គឺឈ្មោះ ម៉េង ថូលលីមី និងឈ្មោះ បា រាំង ។ ចំពោះប្រជាពលរដ្ឋនេសាទ លក្ខណៈគ្រួសារ បានរិះគន់ថា សមត្ថកិច្ចពាក់ព័ន្ធ គួរណាស់តែមានវិធានការ ចុះបង្ក្រាប់ទីតាំងខាងលើនេះផង បើមិនដូចនោះទេ ត្រីក្នុងបឹងទន្លេសាប និងត្រូវដាច់ពូជជាមិនខានទ្បើយ នៅថ្ងៃអនាគត ៕