បាត់ដំបង: ស្ត្រីម្នាក់ដែលពាក់ព័ន្ធនឹងករណីកាន់កាប់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ត្រូវបានកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង8,45នាទីយប់ថ្ងៃទី25-11-14 ត្រង់ចំនុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណ:
ដែលមុខសញ្ញារូបនេះកំពុងធ្វើចរាចរនៅតាមដងផ្លូវ. ។
តាមការអះអាងពីលោក វរ:សេនីយ៍ទោ ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន
បានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវសេចក្តីរាយការពីកំលាំង ក ស អំពីសកម្មភាពការធ្វើចរាចរគ្រឿងញៀនរួចមកលោកបានចាត់កំលាំងជំនាញចេញប្រតិបត្តិការជាបន្ទាន់ទៅចំនុចខាងលើព្រមទាំងបានឃាត់ខ្លួនមុខសញ្ញាម្នាក់ដែលជាស្ត្រីដោយធ្វើការឆែកឆេរទៅលើខ្លួនប្រាណក៏បានប្រទះឃើញគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន 64 គ្រាប់ដែលជននេះកាន់កាប់និងរក្សាទុកនៅជាប់នឹងខ្លួន ព្រមទាំងបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ. ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីដែលមានឈ្មោះ ថៃ ស្រីមុំ ហៅស្រីម៉ៅ អាយុ30ឆ្នាំស្នាក់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បានសារភាពថាថ្នាំញៀនទាំងនេះគឺនាងបានទិញមកពីម៉ូយនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដើម្បីយកមកចែកចាយបន្តនៅក្នុងស្រុក តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដោយឡែកចំពោះបញ្ហាថានេះជាលើកទីប៉ុន្មាននោះគឺនាងពុំបានសារភាពនោះទេដោយគ្រាន់តែថាគឺជាលើកទីមួយតែប៉ុណ្ណោះ. ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងដែលមានគ្រឿងញៀនចំនួន 64គ្រាប់នោះទៅកាន់តុលាការនិងចាត់ការទៅតាមនិតិវិធីនៃច្បាប់. ៕