កំពង់ឆ្នាំង៖សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច រយៈពេលមួយសប្តាហ៏កន្លងទៅនេះ បានសហការជាមួយកងរាជអាវុធហត្ថស្រុក ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះជារៀងរាល់យប់ ក្នុងស្រុកកំពង់ត្រឡាចដើម្បីរួមចំណែក ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋា។
កិច្ចប្រតិបត្តិការណ៏នេះសមត្ថកិច្ចដកហូត មិនបានអាវុធជាតិផ្ទុះធំកំភួនក៏ ពិតមែន តែប្រជាពលរដ្ឋបានសុខសុវត្ថិភាពល្អប្រសើរ។ លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច បាននិយាយអោយដឹងថាៈ ក្នុងរយៈពេលមួយសប្តាហ៏ គិតពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានសហការណ៏ជាមួយមន្ត្រីកងរាជអាវុធហត្ថស្រុក ដាក់ប៉ុស្តិត្រួតពិនិត្យចំនួន១០ គោលដៅ ក្នុងនោះមានទាំងលើថ្នល់ជាតិ និងនៅតាមផ្លូវលំជនបទ។
ជាលទ្ឋផល សមត្ថកិច្ចបានត្រួតពិនិត្យនៅ លើម៉ូតូបានចំនួន១.៤២៤គ្រឿង រថយន្តបាន២៦គ្រឿង គោយន្តបាន១១គ្រឿង មនុស្ស២២១៤នាក់ ( ស្រី៦៩៨ នាក់) ដកហូតបានកូនកាំបិតចិត្តបន្លែ៤ កាំបិត សាំងគីមចំនួន១ កាំបិតកៃ១ ពូថៅ១ កន្ត្រៃ១ ដំបងពីរកំណាត់មួយគូរ និងចំពាមកៅស៊ូ១ ។ ដោយឡែក អាវុធជាតិផ្ទុះគ្មានទេ និងបានរកឃើញអ្នកបើកបរមានជាតិស្រវឹង១២នាក់ ។ ចំពោះអ្នកមាន កាំបិត ពូថៅកន្ត្រៃ គឺបានធ្វើការអប់រំណែនាំនិងអោយពកគេវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។
លោកអធិការបាលបន្តទៀតថាៈ បើទោះបីការឆែកឆេរអាវុធជាតិផ្ទុះ មិនបានរកឃើញអ្វីជាដុំកំភួនក៏ពិតមែន តែលោកបន្តការងារត្រួតពិនិត្យអាវុធជាតិផ្ទុះនេះជាបន្តទៀតដើម្បីសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងស្រុកក៏ដូចជាក្នុងខេត្ត អោយមានសេចក្តីសុខ ក្នុងការធ្វើដំណើរ និងក្នុងការប្រកបរបររកស៊ីមានសន្តិសុខល្អ ៕)





































