សៀមរាបៈ ដោយសារតែមានចរាចរណ៍ចិញ្ចឹមត្រីឆ្ដោរច្រើនហួសប្រមាណធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើនុយច្រើនឡើងៗ។ ឧបករណ៍ដែលអាចនេសាទបានត្រីល្អិតច្រើនជាងគេក្នុងបឹងទន្លេសាបគឺឆ្នុកដាក់អំពូល ។ បច្ចប្បន្ននេះ នៅតាមមាត់បឹងទន្លេសាប ពេលយប់ភ្លឺមិនចាញ់ទីក្រុងភ្នំពេញឡើយជាពិសេសចាប់ពីឃុំពាមបាង ភូមិមាត់ខ្លារហូតដល់ពាមកោះដាច់ និងចំណុចមួយចំនួនទៀតដូចជា វាលហា, កាត់ចិន, ឆេះកែវ ស្ថិតនៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពពត៌មាន បានឲ្យដឹងថា លោក ញ៉ឹម ស៊ីវ័ន្ត ជានាយសង្កាត់រដ្ឋបាលជលផល ជីក្រែង បានខំបើកភ្លើងខៀវឲ្យក្រុមអ្នកនេសាត្រីខុសច្បាប់ ដោយប្រមូលលុយរាប់រយលានរៀល ដើម្បីវិចជូនលោក ព្រឹន សាវិន នាយខណ្ទរដ្ឋបាលជលផលសៀមរាប ជាថ្នូរនឹងការដាក់ឆ្នុក ដាក់សាច់ រុញស៊ីប នៅក្នុងបឹងទន្លេសាប ដោយពុំមានការខ្វាយខ្វល់ពីការបាត់បង់មច្ឆាជាតិនោះទេ។
ជាក់ស្តែងនៅក្នុងភូមិមាត់ខ្លា ភូមិពេជ្រក្រី ស្ទឹងជ្រៅ នៅក្នុងពេលរាត្រី ភ្លើងឆ្នុកដែលជាបទល្មើសហាមឃាត់ត្រូវបានជនល្មើសដាក់ដោយសេរី រាប់ពាន់អំពូលដូចគេបណ្តែតប្រទីបធ្វើអោយទិដ្ឋភាពបឹងទន្លេសាបនាពេលរាត្រីភ្លឺមួយចំហៀងមេឃ។
តាមប្រភពពត៌មានពីប្រជានេសាទនិយាយថា៖ ការដាក់ឆ្នុកត្រូវទៅតាម ខែរនោចរឺខ្នើត ខែខ្នើត ឆ្នុកមួយអាចនេសាទត្រីចាប់ពី ១០០គីឡូក្រាម ទៅ៥០០គីឡូក្រាមខែរនោចចាប់ពី៣០០គីឡូក្រាមទៅ១តោនក្នុងមួយឆ្នុក។ក្នុងមួយយប់អ្នកនេសាទនៅតំបន់នេះអាចនេសាទត្រីបានសរុបទាំងអស់គ្នា មិនតិចជាង២០តោន។
អ្នកដែលប្រមូលទិញត្រីល្អិតច្រើនជាងគេយកទៅចែកចាយតាមបែ រឺក៏តាមស្រះដែលចិញ្ចឹមត្រីឆ្តោរត្រូវបានគេស្គាល់ឈ្មោះ កង ជនជាតិវៀតណាម សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអន្លង់ចំបក់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ការប្រើឧបករណ៍ឆ្នុកមកប្រើប្រាស់ក្នុងការនេសាទត្រីខុសពីច្បាប់រដ្ឋបាលជលផល។
ជុំវិញការចោទប្រកាន់ថា លោក ញឹម ស៊ីវ័ន្ត បើកភ្លើងខៀវឲ្យអ្នកនេសាទខុសច្បាប់ ដើម្បីប្រមូលលុយចូលហោប៉ៅ និងផ្គាប់ផ្គន់មេ អ្នកសារពត៌មានមិនអាចសុំការបំភ្លឺពីលោកញឹម ស៊ីវ័ន្ត ប្រធានសង្កាត់រដ្ឋបាលជលផលឃុំអន្លង់សំណរបានទេទោះបីជាទូរស័ព្ទទៅគាត់ក៏គាត់មិនដែលធ្លាប់បានលើកដែរ។
ប៉ុន្តែមានប្រភពពត៌មានវាយតម្លៃផ្សេងៗ គ្នាចំពោះរដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធ ខ្លះនិយាយថាអសម្ថភាព ខ្លះទៀតនិយាយថាពុករលួយ ខ្លះទៀតនិយាយថាធ្វើការគ្មានអាថ៌កំបាំង ព្រោះជុំវិញខ្លួនរបស់លោក ញឹម ស៊ីវ័ន្ត អ្នកខ្លះគឺជាខ្សែរយៈរបស់អ្នកនេសាទ ដែលប្រើឧបករណ៍ឆ្នុក ។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេសកម្ពុជាមានពាក្យ២ឃ្លានិយាយថា«បើចង់រកស៊ីឈើអោយសែនមេព្រៃ បើចង់រកស៊ីត្រីអោយសែនជលផល មិនបាច់រកក្បាលជ្រូក មិនចាំបាច់អុជធូប មិនចាំបាច់រកក្បាលមាន់ ក្បាលទា សែនតែនឹងដុល្លារកស៊ីបានហើយ »។ ថ្ងៃក្រោយអ្នកសារពត៌មាននឹងលើកយករឿង លោក ជុំ ភាព ប្រធានសង្កាត់រដ្ឋបាលជលផលស្រុកជីក្រែង និងមន្ត្រីពាក់ព័ន្ធមកអធិប្បាយអោយប្រជាពលរដ្ឋបានយល់ច្បាស់។ ដោយ អ៊ុក ផ្លុង