កំពង់ឆ្នាំង៖របាំងសាច់អួន៧កន្លែងប្រវែង៣៧០០ម៉ែត្រនិងលបលូសាច់អួន៣២មាត់ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចំរុះនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំងសាច់អួនចំនួន៦កន្លែងដែលមានប្រវែងសរុប៣៧០០ម៉ែត្រ និងលបលូចំនួន៣២
មាត នៅក្នុងតំបន់អភិរក្ស ចំនុចសែសាងក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍។នៅក្នុងកិច្ចប្រតិបត្តិការណ៍នេះសមត្ថកិច្ចចំរុះចាប់បានជនប្រព្រឹត្តបទល្មើសចំនួន៥នាក់ និងកាណូត៣គ្រឿង និងបានប្រលែងត្រីនៅក្នុងលបលូទាំងអស់ទៅក្នុងទន្លេធម្មជាតិវិញ។
សមត្ថកិច្ចចំរុះដែលបានសហការណ៍គ្នាក្នុងកិច្ចប្រតិបតិ្តការណ៍ខាងលើនេះរួមមានសមត្ថកិច្ចនគរបាលខេត្ត នគរបាលស្រុកបរិបូណ៌ នគរបាលប៉ុស្តិរដ្ឋបាលកំពង់ព្រះគគីរ និងប្រជាពលរដ្ឋក្នុងសហគមន៍នេសាទឃុំកំពង់ព្រះគគីរ សរុបមានចំនួនជាង២០នាក់ ប្រើប្រាស់កាណូត៧គ្រឿង។
ជាលទ្ធផលក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ចចាប់បានជនល្មើសកំពុងលើកលបលូចំនួន៥នាក់ដែលមានឈ្មោះ១.ណាក់ វណ្ណា អាយុ២៥ឆ្នាំ ២.ឈ្មោះសាង វុធ អាយុ២៦ឆ្នាំ ពួកគេទាំងពីនាក់រស់នៅភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ៣.ឈ្មោះ ហ៊ាន តុប អាយុ៤០ឆ្នាំ ៤.ឈ្មោះម៉េង ណាត អាយុ១៨ឆ្នាំ ៥.ឈ្មោះម៉េង រស្មី អាយុ៩ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង និងដកហូតកាណូតបាឡាស្មាច់ចំនួន៣គ្រឿង ចុះកាត់យកលបលូចំនួន៣២មាត់ ដែលក្នុងមួយគ្រឿងៗមានប្រវែងពី១០ទៅ១៥ម៉ែត្រ ក្នុងនោះដែរត្រីមួយចំនួនធំដែរជាប់នៅក្នុងលបលូ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋ ចាក់លែងក្នុងទន្លេធម្មជាតិវិញ។
កិច្ចប្រតិបត្តិការណ៍នេះបានចាប់ផ្តើមពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ម៉ោង១២ត្រង់ទើបហៅលោកនាយសង្កាត់រដ្ឋបាលជលផលស្រុកបរិបូណ៌មកសហការណ៍ពិនិត្យបទល្មើសនេសាទក្នុងតំបន់អភិរក្ស និងធ្វើកំណត់ហេតុជនល្មើស។ ក្រោយពីបានឆ្លងយោបល់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តបានធ្វើការអប់រំជនល្មើសទាំង៥នាក់ដោយអោយធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេសាទល្មើសច្បាប់ និងធ្វើកិច្ចសន្យាអោយរុះរើបំផ្លាញរបាំង សាច់អួនខុសច្បាប់អោយអស់ពីក្នុងតំបន់អភិរក្សវិញ ទើបប្រគល់កាណូតបាឡាស្មាច់ទាំង៣គ្រឿង និងអនុញាតិអោយវិលត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន។ នៅក្នុងករណីបង្ក្រាបនេះ លោកព្រះរាជអាជ្ញារងបានតំរូវអោយលោកនាយប៉ុស្ត៍រដ្ឋបាលកំពង់ព្រះគគីរ និងលោកនាយសង្កាត់រដ្ឋបាលជលផលបរិបូរណ៌កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។
ដោយឡែកលបលូចំនួន៣២មាត់ ត្រូវបានសមត្ថកិច្ចចំរុះ និងប្រជាពលរដ្ឋក្នុងសហគមន៍នេសាទដឹកយកទៅកាប់កំទេចចោលនៅលើដីទួលវត្តកំពង់ព្រះគគីរក្នុងភូមិកោះតាម៉ូវ។
លោក ឯក ស៊ុនរស្មី បានថ្លែងអោយដឹងនៅក្នុងកិច្ចបង្ក្រាបបទល្មើសនេសាទខាងលើនេះថា៖មូលហេតុ ដែលនាំអោយលោកដោះលែងជនល្មើសនេសាទខាងលើនេះ គឺព្រោះតែលោកមិនចង់ធ្វើបាបប្រជាពលរដ្ឋក្រី ក្រ លោកនឹងស្រាវជ្រាវវែកមុខរកមេក្លោងនៅពីក្រោយខ្នង និងអ្នករត់ការដែលបានអនុញាតិអោយប្រជាពលរដ្ឋប្រព្រឹត្តិបទល្មើសនៅក្នុងតំបន់អភិរក្ស ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា៖របាំងសាច់អួនរាប់គីឡូម៉ែត្រដូចខាងលើនេះ នៅមានជាច្រើនកន្លែងទៀតនៅតាមស្រុក មួយចំនួន ដែលខាងមុខនេះលោកព្រះរាជអាជ្ញានឹងដឹកនាំសមត្ថកិច្ចចំរុះ ចុះឆ្មក់ទៅបង្ក្រាបជាបន្តបន្ទាប់ទៀតដោយមិនអោយសមត្ថកិច្ចខិលខូចមួយចំនួនដឹងជាមុនឡើយ ព្រោះថាបើអោយដឹងជាមុននោះ កិច្ចបង្ក្រាប និងមិនអាចចាប់ជនល្មើសនិងធ្វើការបង្ក្រាបទទួលបានលទ្ធផលល្អឡើយ៕