បាត់​កូនស្រី​ក្រមុំ​អាយុ​១៨​ឆ្នាំ ពី​ផ្ទះ​២០​ថ្ងៃ សង្ស័យ​គេ​យកទៅលក់​

0

​កំពង់ឆ្នាំងៈ ស្ត្រី​ម្នាក់ បានមក​យំ​ស្រែក​ប្តឹង​ភ្នាក់ងារ​សារព័ត៌មាន​អគ្គស្នងការ​នគរបាល​ជាតិ ប្រចាំខេត្ត​កំពង់ឆ្នាំង ឲ្យ​ជួយ​ផ្សាយ​ព័ត៌មាន​រក​កូនស្រី ដែល​បាន​បាត់អស់​រយៈពេល​២០​ថ្ងៃ​ហើយ បន្ទាប់ពី​យុវជន​ម្នាក់ នៅក្នុង​ភូមិ​ជាមួយគ្នា​បបួល​ទៅធ្វើ​ការ​នៅ​ភ្នំពេញ​។ ម្ដាយ​ស្ត្រី​រងគ្រោះ​សង្ស័យថា គេ​

បោក​កូន​គាត់​យកទៅលក់​។ ករណីនេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្នុងភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​DSC08925
​ស្ត្រី​ឈ្មោះ លាវ ពៅ អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ ជា​ម្តាយ​នារី​រងគ្រោះ​បានមក​ប្តឹង​ភ្នាក់ងារ​សារព័ត៌មាន​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយបាន​និយាយ​ឲ្យ​ដឹងថា គាត់​មាន​ប្តី​ឈ្មោះ ឈឺ​ន នៅ អាយុ​៤៨​ឆ្នាំ ប្រកប​របរ​នេសាទ​ត្រី​។ ពួកគាត់​មានកូន​៥​នាក់ កូនស្រី​រងគ្រោះ​មានឈ្មោះ ឈឺ​ន ឆដា អាយុ​១៨​ឆ្នាំ ជា​កម្មករ​ធ្វើ​ទឹក​សុទ្ធ​ឲ្យ​សិប្បកម្ម​មួយកន្លែង នៅក្នុង​ក្រុង​កំពង់ឆ្នាំង​។DSC08929

នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ យុវជន​ម្នាក់​ឈ្មោះ ឡាំ អាយុប្រមាណ​១៨​ឆ្នាំ បាន​លួងលោម​បបួល​កូនស្រី​របស់គាត់​ថា បើ​ព្រម​ទៅធ្វើ​នៅ​ក្រុងភ្នំពេញ គេ​ដឹងថា កន្លែង​មួយ​គេ​ឲ្យ​ប្រាក់ខែ​២០០​ដុល្លារ​។ ដោយសារ​ជីវភាព​ក្រុមគ្រួសារ​ក្រីក្រ ឪពុកម្តាយ​ជួល​ផ្ទះ​គេ​នៅ នាង​ជា​ម្តាយ​ក៏បាន​យល់ព្រម​ឲ្យ​ឈ្មោះ ឡាំ នាំ​កូនស្រី​ទៅធ្វើ​ការ​នៅ​ភ្នំពេញ​។​
​ក្នុង​រយៈពេល​៥​ថ្ងៃ​ដំបូង គាត់​បានទទួល​ដំណឹង​ពី​កូន​ជាធម្មតា តែ​ទូរស័ព្ទ​កូន​គាត់​ត្រូវបាន​ឈ្មោះ ឡាំ ជា​អ្នក​កាន់​រហូត មិនដែល​ជួប​កូន​ផ្ទាល់មាត់ ហើយ​ក្រោយមក​ទូរស័ព្ទ​លែង​ចូល​រហូត​តែម្ដង​។​
​លុះ​នៅ​ម៉ោង​៣:៣០​នាទី ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ គាត់​បាន​ទូរស័ព្ទ​ចូល​ឈ្មោះ ម៉ាក់ អះអាងថា ជា​បងប្រុស​ឈ្មោះ ឡាំ និយាយថា នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ គាត់​(​ឈ្មោះ ម៉ាក់​) បាន​ទៅ​ទទួលយក​នារី​ឈ្មោះ ឈឺ​ន ឆដា ពី​បេនឡាន​សូរិយា​ក្រុងភ្នំពេញ ប៉ុន្តែ​នាង​នៅបាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ទេ ក៏បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ​។​
​ស្ត្រី​ជា​ម្តាយ​នារី​រងគ្រោះ បាន​និយាយទៀតថា គាត់​សង្ស័យថា កូនស្រី​គាត់​ត្រូវគេ​បោក​យកទៅលក់​នៅ​កន្លែង​ណាមួយ ទើប​នាង​មិនអាច​ទូរស័ព្ទ​មក​ប្រាប់​ឪពុកម្តាយ​បាន​។ ចំណែក​ក្រុមគ្រួសារ​គាត់​ក្រីក្រ​ណាស់ គ្មាន​លុយកាក់​ប្តឹងផ្តល់​សមត្ថកិច្ច​ឲ្យ​ជួយរ​កកូន​គាត់​បានទេ ហេតុនេះ សំណូមពរ​ដល់​សារព័ត៌មាន​អគ្គស្នងការ​នគរបាល​ជាតិ មេត្តាជួយ​ផ្សាយ​ព័ត៌មានរ​កកូន​ឲ្យ​គាត់​ផង​។​

DSC08930
​ករណី​ខាងលើ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ អ្នកយក​ព័​ត៌​យើង​បាន​រាយការណ៍​ជូន​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ជួយ​អន្តរាគមន៍​ហើយ លោក​បាន​សំណូមពរ​ឲ្យ​ម្តាយ​នារី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ​។ ការដាក់​ពាក្យ​ប្តឹង មិនត្រូវ​បាន​គេ​ទារប្រាក់​អ្វី​ឡើយ ហើយ​លោកស្នងការ​និយាយថា លោក​នឹង​អន្តរាគមន៍​ឲ្យ​លោកនាយ​ការិយាល័យ​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់​ក្នុង​រឿង​ខាងលើនេះ មិន​ទុក​ឲ្យ​យូរ​ឡើយ​៕