ខេត្តប៉ៃលិន ៖ ជនជាតិចិនពីរនាក់ ត្រួវបានកម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្ត ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់អាជីវករប្តូរប្រាក់ម្នាក់នៅក្នុងផ្សារប៉ាងរលឹម ពីបទឆបោក លុះពេលសមត្ថកិច្ចធ្វើការឆែកឆេរ ស្រាប់តែជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានបោះថ្នាំញៀនប្រភេទហេរ៉ូអ៊ីន
មួយកញ្ចប់តូច ចូលទៅក្នុងធុងសំរាម ពេលនោះសមត្ថកិច្ចឃើញទាន់ ក៏ក្របួចជនទាំងពីរនាក់នេះតែម្តង ។ហេតុការណ៍ចាប់ឃាត់ខ្លួនជនជាតិចិនទាំងពីរនាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ និង០០នាទីល្ងាច ថ្ងៃទី២៧ វិច្ឆិកា ២០១៤ ស្ថិតនៅក្នុងផ្ទះសំណាក់យីហោត្បូងទទឹម ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួន ១. ឈ្មោះ Huang Chang Zhong ហៅ ហួង ចាង ស៊ុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G42823301
២. Huang Xiaode ហៅ ហួង ស៊ីអដ៏ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G37875923 ទាំងពីរនាក់មានស្រុកកំណើតភូមិហង់ចា ឃុំហ៊ូណន ស្រុកហ៊ូណន ខេត្តហ៊ូណន ប្រទេសចិន ។ ក្នុងការចុះបង្ក្រាបសមត្ថកិច្ចរិបអួសបានម៉ូតូមួយគ្រឿង ម៉ាកវេវ អាលហ្វា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CE-4350 ,លុយបាតចំនួន៣០០០បាត ,លុយចិន១០០យន្ត ,លុយដុល្លាចំនួន ៣០០$ និងម្សៅហេរ៉ូអ៊ីន ចំនួន ៧,០៧ ក្រាម។
ប្រភពពីអាជីវករឈ្មោះ ចាន់ លី បានឲ្យដឹងថា៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១៥ និង០០នាទី មានជនជាតិចិន២នាក់បានដើរដូរលុយ ដោយយកលុយបាតចំនួន២ម៉ឺនបាត ទៅដូ ពេលនោះគាត់សួរថា យកលុយខ្មែរ រឺលុយដុល្លា (ដោយធ្វើកាយវិការ) ពេលនោះជនសង្ស័យម្នាក់ក្នុងចំណោមពីរ បានចង្អុលទៅលុយដុល្លា ។ ប្រភពបន្តថា៖ រូបគាត់បានយកលុយដុល្លាឲ្យចំនួន៤៣០ដុល្លា ទៅជនសង្ស័យទាំងពីរនោះ ប៉ុន្តែគ្រាន់តែយកទៅរាប់ ហើយប្រគល់ឲ្យគាត់វិញ គាត់ក៏យកដាក់ក្នុងទូ ដោយមិនបានរាប់ឡើយ ចំណែកជនសង្ស័យទាំងពីរក៏ជិៈម៉ូតូចេញភ្លាមដែរ ។ ក្រោយមករូបគាត់ក៏យកលុយមករាប់ ស្រាប់តែបានលុយចំនួន២៥០ដុល្លា រួចក៏ប្តឹងសមត្ថកិច្ចតែម្តង ។
លោក វរៈសេនីយ៍ឯក ក្រិញ ទៀង អនុប្រធានកណ្តាលយុត្តិធម៍ នៃស្នងការនគរបាលខេត្តប៉ៃលិន បានមានប្រសាសន៏ថា៖ ក្រោយពីទទូលពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាអាជីវករ រួចមកកម្លាំងស្នងការខេត្ត បានចុះល្បាតក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់ស្ថិតនៅក្នុងផ្ទះសំណាក់យីហោត្បូងទទឹម ហើយក៏ធ្វើការឃាត់ខ្លួន ។ លោកបន្តថា៖ ពេលនោះដោយជនសង្ស័យម្នាក់បានបោះ កញ្ចាប់ថ្នាំមួយចួលក្នុងធុងសំរាម ប៉ុន្តែមានការសង្ស័យសមត្ថកិច្ចក៏រើសមកមើល ព្រមទាំងបញ្ជូនឲ្យជំនាញពិនិត្យ ឃើញថា ជាថ្នាំញៀន ប្រភេទម្សៅហេរ៉ូអ៊ីន ចំនួន ៧,០៧ ក្រាម ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ បានឲ្យដឹងថា៖ ខ្លូនពិតជាបានទៅប្តូរលុយនៅកន្លែងខាងលើមែន ហើយក៏បានយកលុយប្រាកដមែន , ចំណែកថ្នាំញៀន ដែលសមត្ថកិច្ចឃើញនេះ គឺជនសង្ស័យទាំងពីរនាក់យកមកប្រើប្រាស់ផ្ទាល់ខ្លួនមិនមានការចែកចាយនោះឡើយ ៕





































