ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ យូហ្វាឆេមពានលីក (Uefa Champions League) ហើយកាលពីយប់មិញនេះទោះពួកគេលេងបានត្រឹមស្មើ ១-១ នៅក្នុងដីខ្លួនឯងជាមួយកាំភ្លើងធំ Arsenal ក៏ដោយ ។ សរុបលទ្ធផលទាំងពីរជើង
Bayern Munich បានយកឈ្នះ៣ ទល់នឹង ១ ។
តង់ទី១ក្រុមទាំងពីរមិនអាចបំបែកពងមាន់បានឡើយលុះចូលតង់ទី២នៅនាទីទី ៥៥ក្រុមម្ចាស់ផ្ទះអាចរកគ្រាប់បាល់បានមុនដោយកីឡាករ បាស្ទៀន ស្វេនស្តាយហ្គ័រ ( Bastian Schweinsteiger) ។ រំលងមិនទាន់បាន២នាទីស្រួលបួលផងក្រុមភ្ញៀវ Arsenal តាមបានស្មើវិញដោយកីឡាករ លូកាស ផូលដូស្គី (Lukas Podolski) ។ ការប្រកួតរៀបនឹងបញ្ចប់ទៅហើយនោះ ក្រុម Bayern Munich បានទទួលកាដូបាល់ប៉េណាល់ទី១គ្រាប់ ប៉ុន្តែកីឡាករ ថូម៉ាស មូល័រ (Thomas Muller) បានធ្វើឲ្យបាត់បង់ឱកាសដ៏ល្អនេះ ។ ចប់ការប្រកួត៩០នាទី ក្រុមទាំងពីរបានត្រឹមស្មើគ្នា ១ ទល់ ១ ។
ចំណែកឯការប្រកួតមួយគូទៀត ម្ចាស់ផ្ទះ At.Madrid បានលត់ក្រុមភ្ញៀវ AC Milan ៤-១ ដោយសរុបទាំងពីរជើង At.Madrid ឈ្នះ ៥-១ ។ ៤ គ្រាប់របស់ At.Madrid គឺរកបានដោយកីឡាករ ឌីហ្គោ កូស្តា (Diego Costa) ចំនួន ២ គ្រាប់ចំណែក អារីដា ទូរ៉ាន់ (Arda Turan) និង រ៉ាអ៊ូល ហ្គាសៀរ (Raul Garcia) បានម្នាក់១គ្រាប់ ។ ដោយឡែក១គ្រាប់របស់ AC Milan គឺស៊ុតបញ្ចូលទីដោយកីឡាករ Kaka ។
គួរបញ្ជាក់ថា នៅយប់នេះក៏មានការប្រកួតចំនួន២គូទៀតផងដែរគឺ Paris Saint German ទទួលភ្ញៀវ Leverkusen និង Barcelona បើកទ្វាផ្ទះស្វាគមន៍ Man City ៕