តាកែវ៖ មន្ទីរអប់រំយុវជននិងកីឡាខេត្ដតាកែវ បានរៀបចំបើកការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សកម្រងមធ្យមសិក្សាឆ្នាំ២០២៤ ២០២៥នេះ គេសង្កេតឃើញថាមានការចូលរួមទស្សនាគាំទ្រច្រើនជាងសពដង ដែលនេះឆ្លុះបញ្ចាំងអោយឃើញពីសកម្មភាពកីឡានៅក្នុងខេត្ដចាប់ផ្ដើមរីកលូតលាស់ឡើងវិញ ទាំងអ្នកគាំទ្រកីឡា និងការចូលរួមលេងកីឡាពីសំណាក់ក្មួយៗសិស្សានុសិស្ស យុវជន មហាជន នាំគ្នាលេងកីឡា ដើម្បីសុខភាព មិត្តភាព កីឡាក្រោមម្លប់សន្កិភាព ។
ថ្លែងនៅក្នុងពិធីនេះដែរលោកស្រី គា សុភូ អភិបាលរងខេត្ដតាកែវបានបន្តរជំរុញដល់លោកគ្រូជំនាញកីឡា ត្រូវបន្តរពង្រឹងលើការបង្វឹកបង្ហាត់អំពីបច្ចេកទេសលេងកីឡា និងច្បាប់នៃកីឡាបន្ថែមទៀត ដើម្បីអោយកីឡាករនិមួយៗមានសមត្ថភាពពិត និងបានយល់ដឹងអំពីច្បាប់ទម្លាប់ពីកីឡា ជៀសវៀងមានការកើតឡើងនៅកាយវិកាមិនសមរម្យធ្វើអោយខូចកិត្តិយសដល់ខ្លួនឯងនិងសាលារៀនផងដែរ។
លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដបានអោយដឹងថា ក្រុមកីឡាករមកពីតាមបណ្ដាសាលាកម្រងមធ្យមសិក្សាទូទាំងខេត្ត មានចំនួន ១០ក្រុងស្រុក រួមមានកីឡាករចូលរួមសរុប ៨២៥នាក់ ដោយចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានវិញ្ញាសារកីឡាបាល់ទាត់យុវជន ១០ក្រុម បាល់ទាត់យុវនារី ១០ក្រុម បាត់ទះយុវជន មាន ១០ក្រុម បាល់ទះយុវនារី ០៨ក្រុម បាល់បោះយុវជនមាន ៥ក្រុម បាល់បោះយុវនារី ០៦ក្រុម អត្តពលកម្មកុមារា ០៦ក្រុម ប៉េតង់ប៊ូលយុវជន ០៩ក្រុម និងប៉េតង់ប៊ូលយុវនារី ចំនួន ០៨ក្រុម ៕ តាកែវ