ខេត្តកំពត: ភូមិកំពង់សំរោងខាងត្បូងជាភូមិតូចមួយក្នុងចំណោមភូមិ៣របស់ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែភូមិតូចមួយនេះបានបណ្តុះក្រុមកីឡាបាល់ទាត់ចំនួន៩ក្រុមនៅឆ្នាំ២០២៥នេះ។ ហើយក្រុមបាល់ទាត់ភូមិនេះ គឺជាម្ចាស់ពានជើងឯកមហាជនខេត្តកំពតឆ្នាំ២០២៤ផងដែរ។ គ្រូបង្វឹក និងកីឡាករថានឹងដឹកនាំយុវជន និងក្មេងជំនាន់ក្រោយលេងកីឡាឲ្យបានកាន់តែល្អ ខណៈសមាជិកក្រុមប្រឹក្សាស្រុកទឹកឈូថានឹងជួយគាំទ្របន្ថែមលើការងារនេះ។
នៅក្នុងការប្រកួតបាល់ទាល់ជ្រើសរើសជើងឯកប្រចាំភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥នេះ គ្រូបង្វឹក និងកីឡាកររៀមច្បងក្នុងភូមិ បានប្រាប់ឲ្យដឹងថា ដោយសារការស្រឡាញ់វិស័យកីឡា ស្រឡាញ់សុខភាព ចង់បង្កភាពសប្បាយរីករាយជុំគ្នា អ្នកភូមិកំពង់សំរោងខាងត្បូងទាំងចាស់ក្មេង បាននាំគ្នាលេងកីឡា ហើយជារៀងរាល់ឆ្នាំ តែងតែមានរៀបចំការប្រកួតជ្រើសរើសជើងឯកបាល់ទាត់ប្រចាំភូមិ សម្រាប់មនុស្សធំ និងកុមារ ដែលនៅឆ្នាំ២០២៥នេះ មានដល់ទៅ៩ក្រុម។
សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ លោក អំ តារា បានសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះបងប្អូនប្រជាពលរដ្ឋភូមិកំពង់សំរោងខាងត្បូង ដែលស្រឡាញ់ គាំទ្រ និងនាំគ្នាលេងកីឡា ហើយបង្កើតជាការប្រកួតជ្រើសរើសជើងឯកប្រចាំភូមិយ៉ាងសប្បាយរីករាយ និងផុសផុលយ៉ាងដូច្នេះ។ សកម្មភាពនេះជាគំរូល្អមួយក្នុងការលើកកម្ពស់វិស័យកីឡាកម្ពុជា ដែលបណ្តាភូមិឯទៀត គួរតែយកតម្រាប់តាម។
គួររម្លឹកថា ទោះក្រុមកីឡាបាល់ទាត់ឃុំកំពង់សំរោងមានច្រើន ហើយធ្លាប់ជាម្ចាស់ពានជើងឯកថ្នាក់ខេត្ត ក៏ពិតមែន ប៉ុន្តែមិនទាន់មានកីឡាករណាម្នាក់ អាចអភិវឌ្ឍខ្លួន ជាកីឡាករបាល់ទាត់អាជីពនៅឡើយទេ ហើយថ្នាក់ដឹកនាំខេត្ត ក៏ដូចជាស្រុកទឹកឈូ លោកចង់ឃើញកីឡាករប្រឹងប្រែង ដុះខាត់ទេពកោសល្យរបស់ខ្លួន ដើម្បីឈានជើងចូលទៅលេងឲ្យក្លិបបាល់ទាត់ល្បីរបស់ប្រទេស នាពេលខាងមុខ៕ សេង ណារិទ្ធ