បាត់ដំបង: មុខសញ្ញាដែលពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន4នាក់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកធ្វើការស្រាវជ្រាវនិងចាប់បានជាបន្តបន្ទាប់នាយប់ថ្ងៃទី28និងព្រឹកថ្ងៃទី29-11-14ត្រង់ចំនុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណ:ដែលក្រុមនេះកំពុងធ្វើការ
ចែកចាយកាន់កាប់រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់. ។លោក សារេត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកបានលើកឡើងថា នៅថ្ងៃដំបូងវេលាម៉ោង7យប់នៅពេលដែលកំលាំងរបស់លោកកំពុងធ្វើការចេញល្បាតក៏បានពើបប្រទះនឹងមុខសញ្ញាម្នាក់ដែលកំលាំងកំពុងសង្ស័យជាយូរមកហើយទើបធ្វើការឃាត់ខ្លួនដើម្បីត្រួតពិនិត្យហើយក៏បានឃើញមានដ្នាំញៀនប្រភេទយ៉ាម៉ាចំនួន3គ្រាប់ដែលមុខសញ្ញានេះបានលាក់ទុកនៅជាប់នឹងខ្លួនទើបកំលាំងនាំជននោះមកកាន់អធិការដ្ឋានដើម្បីសាកសួរបន្តរកប្រភពដើម. ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អៀម ផុន ភេទប្រុស អាយុ30ឆ្នាំ បានសារភាពថាថ្នាំញៀនទាំងនេះគឺខ្លួនជាអ្នកសុីឈ្នួលកាន់អោយគេដើម្បីយកទៅលក់ក្នុងតំលៃមួយគ្រាប់15000រៀលដោយម្ចាស់ថ្នាំឈ្មោះ សុីន សារុំ ហៅកុក ភេទប្រុស អាយុ35ឆ្នាំហើយគេបានអោយកំរៃក្នុងមួយគ្រាប់2000រៀល. ។
បន្ទាប់ពីទទួលបានចំលើយយ៉ាងច្បាស់ពីជនសង្ស័យរួចហើយលោកអធិការស្រុកភ្នំព្រឹកបានសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង ហុឹង ប៊ុនថន ដើម្បីចេញប្រតិបត្តិការតាមរកមុខសញ្ញាបន្តទើបនៅវេលាម៉ោង9,50នាទីព្រឹកថ្ងៃទី 29-11-14 កំលាំងបានឃាត់ខ្លួនមនុស្សចំនួន3នាក់ដែលកំពុងធ្វើការចែកចាយ កាន់កាប់រក្សាទុក និងផ្តល់ទីកន្លែង
អោយប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅនឹងផ្ទះរបស់ឈ្មោះ សុីន សារុំ ហៅកុកតែម្តង ដែលពីរនាក់ទៀតមានឈ្មោះ សេង សំអុល ភេទប្រុសអាយុ29ឆ្នាំ និងឈ្មោះ កាន តារា ភេទប្រុស អាយុ21ឆ្នាំដោយសមត្ថកិច្ចប្រមូលបានថ្នាំញៀនប្រភេទយ៉ាម៉ាសរុបចំនួន 12 គ្រាប់និងឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ដែលថ្នាំទាំងនេះពួកគេបានច្រកថង់ផ្លាស្ទិកលាក់ទុកនៅក្នុងជញ្ជាំងក្បែចង្ក្រានបាយ. ។
បច្ចុប្បន្នសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកកំពុងរៀបចំឯកសារ និងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង4នាក់ព្រមទាំងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តហើយដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់. ៕





































