ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចមុខភោជនីយដ្ឋានមួយកន្លែងដែល មានស្លាក យីហោ សាន់រាយ ទីតាំងស្ថិត នៅខាងក្រោយរដ្ឋសភាព ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ២២និង ៣០នាទីយប់ថ្ងៃទី៩ កុម្ភះ ឆ្នាំ២០១៤ ដែលបុរសម្នាក់បានអះអាងថាខ្លួនបាត់រថយន្ត ម៉ាកឡិចស៊ិស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2M-5270 តាំងពីជាង២ឆ្នាំ កន្លងមកហើយទើបតែ ប្រទះមកឃើញនៅវេលាម៉ោង កើតហេតុខាងលើ ខណៈដែលរថយន្តរបស់ ខ្លួនត្រូវបានអ្នកផ្សេងជិះ យកមកឈប់ចតមុខភោជនីយដ្ឋាន ហើយចូលទៅ បរិភោគអាហារហើយត្រូវម្ចាស់ប្រទះឃើញ។
ជុំវិញហេតុការណ៍ខាងលើនេះតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មិនទាន់មាន មន្ត្រីនគរបាល ឬក៏សមត្ថកិច្ចជំនាញណាម្នាក់បញ្ជាក់ថា ម្ចាស់រថយន្តជាដើមបណ្តឹងមានឈ្មោះ អ្វីឡើយ ហើយភាគីជាចុងបណ្តឹងពាក់ ព័ន្ធជាមួយរថយន្តខាងលើនេះក៏មិនទាន់ដឹងថាមានឈ្មោះអ្វីនៅឡើយដែរ។
ប៉ុន្តែប្រភពព័ត៌មានដដែលបានបន្តថា ម្ចាស់រថយន្តម៉ាកឡិចស៊ិស RX300 ខាងលើ បានរៀបរាប់ថា ខ្លួនបានជួលរថយន្តរបស់ខ្លួនទៅឲ្យក្រុមហ៊ុនទេសចរណ៍ មួយជាង២ឆ្នាំ កន្លងមកហើយ ហើយក៏បាត់ ដំណឹងរហូត។ ពេលនោះខ្លួនក៏ស្វែងរកគ្រប់ច្រកល្ហក់ តែមិនធ្លាប់ប្រទះឃើញ ឡើយទើបតែនៅវេលា ខាងលើក៏ស្រាប់តែប្រទះឃើញរថយន្តរបស់ខ្លួនចតនៅចំណុចកើតហេតុខាងលើ ហើយគាត់ក៏បាន ប្តឹងសមត្ថកិច្ចចុះឃាត់និង ដកហូតរថយន្តនេះនាំទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការ តាមផ្លូវច្បាប់។
គួររំលឹកថា បញ្ហាពាក់ព័ន្ធនឹងរថយន្តបញ្ជាំខាងលើនេះកន្លងមកមានក្រុមហ៊ុនទេសចរណ៍មួយឈ្មោះ ធី អឹម ធី គ្រុប ដែលមានតំណាងពីរនាក់ប្តីប្រពន្ធបានដើរជួលរថយន្តគ្រប់ច្រកល្ហក់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលមានចំនួន រាប់រយគ្រឿងយកទៅបញ្ជាំ និងលក់ហើយត្រូវបានសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិង ដកហូតរថយន្ត បានជាបន្តបន្ទាប់រហូតដល់ពេលនេះនៅមានរថយន្តខ្លះមិនទាន់ឃើញម្ចាស់ទៅ ដោះស្រាយនៅឡើយទេ ប៉ុន្តែករណីខាងលើនេះមិនដឹងថាមានជាប់ពាក់ព័ន្ធជាមួយនឹង ក្រុមហ៊ុនទេសចរណ៍ ខាងលើនោះដែររឺយ៉ាងណាទេ ប៉ុន្តែ ប្រភពព័ត៌មានជំហានដំបូងបានឲ្យដឹងថា រថយន្តមួយគ្រឿងដែលផ្ទុះ បាតុភាពភ្ញាក់ផ្អើលខាងលើនេះគឺពិតជាមានពាក់ ព័ន្ធជាមួយនិងក្រុមហ៊ុនទេសចរណ៍នោះដែរ។
ទោះជាយ៉ាងណាក៏ដោយព័ត៌មានលំអិតនិងមានផ្សាយជូននៅពេលបន្ទាប់ ទៀតរងចាំសមត្ថកិច្ចធ្វើការសើប អង្គេតរយះពេលមួយយប់សិន។ ជុំវិញហេតុការណ៍ខាងលើនេះប្រភពព័ត៌មានមិនច្បាស់ការណ៍មួយបានឲ្យដឹងថា រវាងម្ចាស់រថយន្ត និងម្ចាស់ ភាគីអ្នកដែលជិះរថយន្តនោះ បានឲ្យដឹងថា ខ្លួននិងម្ចាស់រថយន្តត្រូវបានសមត្ថកិច្ច ហៅទៅធ្វើការ ចរចារគ្នានៅស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញម្តងរួចមកហើយ កាលពីរសៀលថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៤ ប៉ុន្តែការមិនស្របស្រួលគ្នាក៏
កើតមានការតាមរករឿងចាប់រថយន្តខាងលើតែម្តង ហើយក្នុងនោះដែរភាគី ដែលជាម្ចាស់ចុងក្រោយជាអ្នកជិះរថយន្ត ខាងលើនេះបានរៀបរាប់ថាខ្លួនទិញរថយន្តខាងលើពីកន្លែងលក់ រថយន្តនៅក្នុងយានដ្ឋានលក់រថយន្តមួយកន្លែងដែលមាន លិខិតទិញលក់ត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយករណីនេះម្ចាស់រថយន្តជាម្ចាស់ដើមនៅតែអះអាងថា ខ្លួនបានចាញ់ បោកភាគីម្ខាង ដូច្នេះការប្រទះឃើញរថយន្តគឺខ្លូននឹងប្តឹងសមត្ថកិច្ចចាត់ការរកយុត្តិធម៌ដកហូតយករថយន្តរបស់ខ្លួនយកមកប្រគល់ឲ្យខ្លួនវិញទៅតាមផ្លូវច្បាប់ រីឯកសារពាក់ព័ន្ធភាគីទាំងពីរកំពុងតែយកសំអាងរៀងៗខ្លួន ដើម្បីយកទៅបង្ហាញ សមត្ថកិច្ចខាងលើនេះ៕