យោងតាមពួកអ្នកជំនាញការអន្តរជាតិថា ពួកយុទ្ធជនក្រុមរដ្ឋអ៊ិស្លាមអាចចាញ់សង្គ្រាម ដែលពួកគេបានធ្វើនៅអីុរ៉ាក់និងស៊ីរី ព្រោះពុំមានប្រាក់គ្រប់គ្រាន់ដើម្បីត្រួតត្រាបណ្តាដែនដីដែលពួកគេ វាយដណ្តើមយកបាន ខណៈដែលពួកនេះមានភាគហ៊ុនគិតជាប្រាក់ជាង២.០០០ពាន់លានដុល្លារ ។
លោក JEAN CHARLES BRISARD អ្នកពិគ្រោះយោបល់អន្តរជាតិ និងជាអ្នកឯកទេសខាងភេរវកម្មនិយាយថា ទឹកប្រាក់នេះពិតជាច្រើនគួរសម ក៏ប៉ុន្តែការគ្រប់គ្រងរដ្ឋបាលទាំងមូលមួយ ការបើកប្រាក់បៀវត្សឱ្យបណ្តាមន្ត្រីរដ្ឋបាល និងប្រាក់ខែពួកយុទ្ធជន ការថែរក្សាបណ្តាឧបករណ៍សេវាកម្មសាធារណៈតំណាងឱ្យទឹកប្រាក់យ៉ាងច្រើន ដែលអង្គការរដ្ឋអ៊ិស្លាមពុំអាចរ៉ាប់រងបានឡើយ ។ លោកបន្តថា គេអាចនិយាយបានថា រហូតដល់ពេលណាមួយនោះ ប្រជាជននឹងបកមកប្រឆាំងក្រុមរដ្ឋអ៊ិស្លាមវិញ ទោះបីបច្ចុប្បន្នពុំទាន់មានពិសេសនៅអីុរ៉ាក់ក្តី ។
ក្នុង បទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃទី២៧ វិច្ឆិកា លោក JEAN CHARLES BRISARD បន្តថា វាសនារបស់ក្រុមរដ្ឋអ៊ិស្លាមអាចធ្លាក់ក្នុងដៃបណ្តាប្រមុខ កុលសម្ព័ន្ធស៊ុននីតអីុរ៉ាក់ ដែលដើរតួនាទីសំខាន់ក្នុងឆ្នាំ២០០៦ និង២០០៧ ពេលដែលពួកគេប្រយុទ្ធប្រឆាំងអាល់កៃដាជាមួយការជួយទ្រទ្រង់របស់ កងទ័ពអាមេរិក ។
នយោបាយដែលប្រកាន់យកដោយរដ្ឋាភិបាលរបស់អតីត នាយករដ្ឋមន្ត្រីអីុរ៉ាក់ លោកនូរីអាល់ម៉ាលីគី គ្របដណ្តប់ដោយពួកស៊ីអីុត បន្តិចម្តងៗជំរុញឱ្យពួកស៊ីននីតអីុរ៉ាក់ងាកទៅគាំទ្រក្រុម រដ្ឋអ៊ិស្លាម ហើយជួយឱ្យក្រុមនោះមានកម្លាំងខ្លាំង ។
យោង តាមរបាយការណ៍មួយរបស់លោក JEAN CHARLES BRISARD និងលោក DAMIEN MARTINEZ នាយកនៃការលក់របស់ក្រុមហ៊ុន THOMSON REUTERS RISK សម្រាប់អឺរ៉ុបខាងលិចថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់អង្គការរដ្ឋអ៊ិស្លាមមានប្រមាណជា២,៩ ពាន់លានដុល្លារក្នុងមួយឆ្នាំ ពិសេសបានមកពីការធ្វើអាជីវកម្មធនធានធម្មជាតិ ។
លោក JEAN CHARLES BRISARD ពន្យល់ថា ការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះនាំមុខដោយសហរដ្ឋអាមេរិក សំដៅលើក្រុមរដ្ឋអ៊ិស្លាមពុំមានទិសដៅកម្ទេចសកម្មភាពសេដ្ឋកិច្ច របស់ក្រុមនេះឡើយ ព្រោះខ្លាចប្រជាជនងាកមកប្រឆាំងនឹងពួកអាមេរិកវិញ ។
របាយការណ៍ វាយតម្លៃថា ទឹកប្រាក់៣០លានដុល្លារនៃប្រាក់ចំណូលប្រចាំខែរបស់ក្រុមរដ្ឋអ៊ិ ស្លាមបានមកពីសកម្មភាពកំហែងយក គឺប្រមាណជា១២% នៃប្រាក់ចំណូលរបស់គេ។ ជាឧទាហរណ៍ ក្រុមរដ្ឋអ៊ិស្លាមកំហែងប្រមូលប្រាក់បាន៨០០លានដុល្លារចំពោះការ ចូលមកកាន់ប្រទេសអីុរ៉ាក់របស់រថយន្តកាំមីញ៉ុងទាំងឡាយណាមកពី ប្រទេសហ្ស៊កដានី និងស៊ីរី ការយកពន្ធលើការដកប្រាក់ធនាគារ ការយកពន្ធលើការលួចយកវត្ថុទាំងឡាយពីបណ្តាទីតាំងបុរាណ ព្រមទាំងការបង់ប្រាក់ថ្លៃការពារចំពោះប្រជាជនពុំកាន់សាសនាអ៊ិស្លា ម ។
ចំណែកប្រេងកាតតំណាងឱ្យ៣៨% នៃប្រាក់ចំណូលរបស់ក្រុមរដ្ឋអ៊ិស្លាម ទល់នឹង១៧% សម្រាប់ឧស្ម័ន ៤% សម្រាប់ការចាប់ពង្រត់មនុស្ស ទារប្រាក់លោះ និង២% បានមកក្រោមរូបភាពជាអំណោយ ៕