រដ្ឋមន្ត្រីកិច្ចការបរទេសបារាំង លោក ឡូរ៉ង់ ហ្វេបបឺស បាននិយាយថា បារាំងនឹងទទួលស្គាល់ រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ប្រសិនណាបើកិច្ចខិតខំប្រឹងប្រែង ស្វែងរកសន្តិភាព តាមផ្នែកការទូតបរាជ័យ។តាមការលើកឡើង របស់លោក ហ្វេបបឺស នៅក្នុងសភាបារាំងថា «យើងត្រូវតែបញ្ចេញ
សកម្មភាព ដើម្បីឲ្យប្រតិបត្តិការ ស្វែងរកសន្តិភាពរីកចម្រើនទៅមុខ ដែលទាំងនេះ គួរតែផ្អែកទៅលើសហអត្ថិភាព នៃបណ្តារដ្ឋមានអធិបតេយ្យភាព និងប្រជាធិបតេយ្យចំនួនពីរ កំពុងរស់នៅកៀកគ្នា ក្នុងសន្តិភាព និងសន្តិសុខ»។
លោកបន្ថែមថា «ប្រសិនកិច្ចខិតខំប្រឹងប្រែង ចរចាចុងក្រោយទទួលបរាជ័យ នៅពេលបន្ទាប់នោះ គឺបារាំងនឹងធ្វើអ្វីដែលខ្លួន នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយគ្មានការពន្យាពេលឡើយ»។
ពាក់ព័ន្ធនឹងបញ្ហាប៉ាឡេស្ទីននេះដែរ សមាជិកសភាបារាំង កំពុងពិភាក្សាអំពីសេចក្តីព្រាងច្បាប់ ដែលបង្ហាញដោយ គណបក្សសង្គមនិយម ដែលជាគណបក្សកាន់អំណាច ដើម្បីនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងដើម្បីលើកកម្ពស់សន្តិសុខ និងសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា៕