កំពង់ចាម៖ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្កើតគណៈកម្មាការ ដើម្បីត្រួតពិនិត្យម៉ូតូរបស់ជនសង្ស័យជួញដូរគ្រឿងញៀន នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ចំណុចមុខការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ជាលទ្ធផលរកឃើញថ្នាំញៀននៅក្នុងក្បាំង អាវម៉ូតូ មួយចំនួនធំ
លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហៃ ម៉ាឡា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ដែលកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ហើយបានរឹបអូសម៉ូតូម៉ាក អ៊ែប្រលែត ពណ៌ក្រហម គ្មានស្លាកលេខ នោះ ។
ក្រោយការសាកសួរ យើងប្រមូលឯកសារជុំអស់ហើយ ជនសង្ស័យនៅតែមិនព្រមសារភាព ហើយកន្លងមកជនសង្ស័យរូបនេះតែងនាំក្មេងស្រីជាអនិតិជនមកប្រើប្រស់គ្រឿងញៀនផងដែរ ។ដំណោះស្រាយចុងក្រោយ មន្ត្រីយើងសង្ស័យថ្នាំញៀន វាលាក់ទុកនៅក្នុងម៉ូតូ យើងក៏សម្រេចបង្កើតគណៈកម្មាការមួយ រួមមាន កម្លាំងនគរបាលជំនាញ និងកម្លាំងស្ថាប័នអយ្យកា នៃសាលាដំបូងខេត្ត ដើម្បីដោះម៉ូតូត្រួតពិនិត្យ ។
នៅពេលដោះម៉ូតូត្រួតពិនិត្យ រកឃើញថ្នាំញៀនប្រភេទក្រាមពណ៌ស ចំនួន៤កញ្ចប់ធំ មានទម្ងន់៨,៩៣ក្រាម ជញ្ជីងអេលិចត្រូនិច១គ្រឿង និងថង់វេចខ្ចប់មួយចំនួន ។
ជនសង្ស័យ និង វត្ថុតាង ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការចាត់ការទៅតាមនិតិវិធី ៕




































