​ស្ថានភាព​ក្រីក្រ​របស់​អ្នក​មីង ថន ថុល ត្រូវបាន​បើក​បង្ហាញក្រោយពី​ចៅស្រី​របស់​អ្នក​មីង ត្រូវបាន​បាត់បង់​ជីវិត​ដោយសារ​ជម្ងឺ !

0

សៀមរាប កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំ​២០១៤​កន្លងទៅនេះ នៅលើ​ទំព័រ​កាសែត​ក្នុងស្រុក​មួយ បាន​ចុះផ្សាយ​ថា ៖ មាន​គ្រូពេទ្យ​ម្នាក់​នៅក្នុង​ភូមិ​ក្រាំង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ចាក់​ថ្នាំ​ព្យាបាល​ជម្ងឺ​ទារិកា​អាយុ ១​ខួប​កន្លះ បណ្តា​យ​ឲ្យ​បាត់​បង់ជីវិត ហើយ​គ្រូពេទ្យ​នោះ បាន​ផ្តល់ប្រាក់ ២​ម៉ឺន​រៀល ឲ្យ​ទៅ​អ្នក​មីង ថន ថុល ដែលជា​ជីដូន​ទារិការ​រងគ្រោះ ដើម្បី​បិទមាត់ កុំ​ឲ្យ​បែកធ្លាយ​រឿងអាស្រូវ​នេះ ។ ព័ត៌មាន​ផ្សាយ​តាម​ទំព័រ​កាសែត​នេះ បាន​ជម្រុញ​ឲ្យ​ក្រុមការងារ​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ចុះទៅ​ព្រមាន ពិន័យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ព្យាបាល​ចាក់​ថ្នាំ​តាម​ភូមិ​ដោយ​ខុសច្បាប់ របស់​គ្រូពេទ្យ​នោះ ជា​ស្ថាពរ ។DSC_0074
នៅក្នុង​ការចុះ​បំពេញការងារ​នេះដែរ ក្រុមការងារ​របស់​ម​ន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ដល់​លំនៅដ្ឋាន ភូមិ​ក្រាំង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ក្នុងនោះ​មាន​វត្តមាន​អ្នក​មីង ថន ថុល ជា​ជីដូន​របស់​ទារិការ​រង​គ្រោះ ។ អ្នក​មីង ថន ថុល បាន​រៀបរាប់​ឲ្យ​ដឹងថា អ្នក​មីង​ជា​ប្រជាពលរដ្ឋ​ចំណូល​ថ្មី ធ្វើ​ចំណាកស្រុក​ពី​ក្រុង​សួង ខេត្ត​ត្បូង​ឃុំ ដើម្បី​មក​រស់នៅ​ពឹង​អាស្រ័យ​ដោយ​ប្អូនធម៌ នៅ​ភូមិ​ក្រាំង ឃុំ​ខ្វាវ នេះ ក្រោយពី​កូនប្រសារ​ប្រុស​របស់គាត់ បោះបង់ចោល​កូនស្រី​របស់គាត់ គឺ​ម្តាយ​របស់​ទារិការ​រង​គ្រោះ ( ថន សុ​ភី ) ។ អ្នក​មីង​បាន​បន្តថា សមាជិកគ្រួសារ​គាត់ ដែល​បានធ្វើ​ចំណាកស្រុក​មកនេះ មាន​ចំនួន​សារុប ៥​នាក់ ទី​១​គឺ​អ្នក​មីង​ផ្ទាល់ ទី​២ គឺ​កូនស្រី​ឈ្មោះ សុខ ធឿន អាយុ​៣០ ឆ្នាំ ( ជា​ស្ត្រី​មេម៉ាយ​ប្តី​បោះបង់ចោល នឹង​ជា​ម្តាយ​ទារិការ​រងគ្រោះ ) ទី​៣ ចៅស្រី​ដែល​បាត់បង់​ជីវិត ទី​៤​ចៅស្រី​ម្នាក់ទៀត​អាយុ ៤​ឆ្នាំ និង​ទី​៥ កូនស្រី​បន្ទាប់​ឈ្មោះ សុខ ស្រី​ណា​ង ។DSC_0080
គួរ​បញ្ជាក់ថា នៅពេលដែល​ក្រុមការងារ​របស់​មន្ទីរ​សុខាភិបាល​ចុះសួរសុខទុក្ខ​នោះ កូនស្រី​ទាំងពីរ​របស់​អ្នក​មីង ថន ថុល ពុំមាន​វត្ត​មាននៅ​ទីនោះ​ទេ អ្នក​មីង​បាន​ឲ្យ​ដឹងថា ពួកគេ​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ​អស់ហើយ ។ អ្នក​មីង​បាន​ឲ្យ​ដឹងថា ការធ្វើ​ចំណាកស្រុក​មកនេះ​គឺ​មានតែ​បាតដៃ​ទទេ​សុទ្ធសាធ ។ ប្អូនធម៌​គេ​ធ្វើ​ផ្ទះ​ឲ្យ តែ​មិនទាន់​មានលទ្ធភាព​ធ្វើ​ជញ្ជាំង និង​ដំបូល​នៅឡើយ​ទេ ។ ពេល​មាន​ភ្លៀង​ម្តងៗ​កន្លងមក ប្អូនធម៌​គេ​ឲ្យ​ជ្រក​នៅ​ជាមួយ​គេ ។ ចំណែកឯ​អាជ្ញាធរ​មូលដ្ឋាន ក៏​ទើបតែ​បាន​ជ្រាប​ដែរ​ថា គ្រួសារ​អ្នក​មីង ថន ថុល មក​ស្នាក់​នៅក្នុង​មូលដ្ឋាន​នេះ ប្រមាណ​ជាង ១​ខែ​កន្លងមកនេះ ។​DSC_0074
ជាមួយ​ឱកាស ចុះសួរសុខទុក្ខ​នោះ មន្ត្រី​ក្រុមការងារ​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ឧបត្ថម្ភ​ជា​ប្រាក់​ចំនួន ១២០ ដុល្លា ជូន​អ្នក​មីង ថន ថុល ដើម្បី​ដោះស្រាយ ប្រក​ដំបូលផ្ទះ ។
គួរ​បញ្ជាក់ដែរថា អ្នក​មីង ថន ថុ​ន ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ ។ ថ្វីត្បិតតែ​គាត់​ក្រ ប៉ុន្តែ​ករណី​បាត់បង់​ជីវិត​របស់​ចៅស្រី​របស់គាត់ គាត់​ពុំមាន​គំនិត​វៀចវេរ​ប្តឹងផ្តល់ ចង់បាន​សំណង​ជម្ងឺ​ចិត្ត​ពី​គ្រូពេទ្យ​នោះឡើយ ។ គាត់​ទទួលស្គាល់ថា ចៅស្រី​របស់គាត់​មាន​ជម្ងឺ​ធ្ងន់ធ្ងរ គ្រូពេទ្យ​មិន​ហ៊ាន​មើល​ទេ ថែមទាំង​ឲ្យ​លុយ ២​ម៉ឺន​រៀល សម្រាប់​បញ្ជូន​ចៅ​គាត់​ទៅ​មណ្ឌល​សុខភាព​ទៀតផង ។ អ្នក​មីង​បាន​បញ្ជាក់ថា លុយ​នោះ មិនមែន​លុយ​សូកប៉ាន់​បិទមាត់​នោះឡើយ តែ​ជា​អកុសល​ចៅស្រី​របស់គាត់​ផុតដង្ហើម នៅពេល​ចេញដំណើរ​ទៅ​មណ្ឌល​សុខភាព ៕