​ពលរដ្ឋ​នាំគ្នា​មក​ទាមទារ​នៅមុខ​តុលាការ ដើម្បី​រក្សា​ដី​៣០៥​ហិកតា របស់​ពួកគាត់

0

​ខេត្ដ​សៀមរាបៈ ប្រជាពលរដ្ឋ​៨២​គ្រួសារ មកពី​ស្រុក​ជីក្រែង ខេត្ដ​សៀមរាប បាន​ប្រមូល​ផ្ដុំគ្នា​ខាងមុខ​តុលាការខេត្ត ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៣​ខែធ្នូ​ឆ្នាំ​២០១៤ ដែលមាន​ពលរដ្ឋ​ចូល​រួច​តវ៉ា​ប្រមាណ​ជា​ជិត​១០០​នាក់ ដើម្បី​ទាមទារ​ឲ្យ​ចៅក្រម​សាលាដំបូង​ខេត្ដ​សៀមរាប ផ្ដល់​យុត្ដិធម៌ ដោយ​រក្សា​

ដីស្រែប្រាំង​ចំនួន​៣០៥​ហិកតា ជូន​ពលរដ្ឋ​៨២​គ្រួសារ​កាន់កាប់​ឡើងវិញ​។​ពលរដ្ឋ​រស់នៅ​ភូមិ​ល្វា ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង​លោក ឡឹ​ក គ្រឿន បាន​ឲ្យ​ដឹង​នៅ​កន្លែង​ប្រមូល​ផ្ដុំគ្នា​មុខ​តុលាការ​ថា ដីស្រែប្រាំង​ពលរដ្ឋ​ចំនួន​៣០៥​ហិកតា ដែល​រដ្ឋាភិបាល​កាត់​ឆ្វៀល​ឲ្យ​ពលរដ្ឋ​នៅ​ឆ្នាំ​២០១២ ត្រូវបាន​ក្រុម​ឈ្មួញ​៥​នាក់​នៅ​ស្រុក​ប្រាសាទបាគង កាន់កាប់ និង​ធ្វើស្រែ​ប្រាំង​ជា​1426540_628469113946156_2451048180774441760_n

រៀងរាល់ឆ្នាំ ដោយ​អាជ្ញាធរ​មូលដ្ឋាន​មិនមាន​ដោះស្រាយ​ជួន​ពួកគេ​ឡើយ​។​លោក​បន្ដថា ពួកគាត់​ទាមទារ​ឲ្យ​ចៅក្រម​សាលាដំបូង​ខេត្ដ លោក អឿង វណ្ណា ផ្ដល់​យុត្ដិធម៌ ដោយ​ប្រគល់​ដីស្រែប្រាំង​៣០៥​ហិកតា ជូន​ពលរដ្ឋ​៨២​គ្រួសារ​កាន់កាប់​វិញ ដើម្បី​ធ្វើស្រែ​ប្រាំង​នៅ​រដូវប្រាំង​ខាងមុខនេះ ព្រោះ​ដី​នោះ​ពួកគេ​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​ពី​តំណាងរាស្ដ្រ​ខេត្ដ​សៀមរាប​។​
ចំណែក លោក សេង ជឹ​ង ជា​ពលរដ្ឋ​តវ៉ា​ម្នាក់ទៀត​បាន​រៀបរាប់ថា ពលរដ្ឋ​៨២​គ្រូ​សារ​នោះ ពួកគេ​មិនអាច​ធ្វើស្រែ​ប្រាំង​បាន បន្ទាប់ពី​ចៅក្រម​សាលាដំបូង​ខេត្ត លោក ឌុ​ច សុខ​សារិន ចេញ​ដីការ​រក្សា​ការពារ​ឲ្យ​ពួកគាត់​នៅក្នុង​អំឡុង​ខែកញ្ញា​ឆ្នាំ​២០១៤​កន្លងមក ដោយ​ក្រុម​អាជ្ញាធរ​បាន​គំរាម​ចាប់​ពួកគេ​ដាក់ពន្ធនាគារ ដោយ​ចោទថា ខុសច្បាប់​។​លោក​បន្ដថា ចំណែក​ក្រុម​ឈ្មួញ​ទាំង​៥​នាក់​នោះ​វិញ អាជ្ញាធរ​មិន​រារាំង​នោះឡើយ​។​លោក​ព្រមាន​ថា បើសិន​តុលា​ការមិន​ផ្ដល់​យុត្ដិធម៌​នោះទេ​ពួកគាត់​នឹង​បំផ្លាញ​ទ្រព្យសម្បត្ដិ​ក្រុម​ឈ្មួយ​ទាំង​៥​នាក់​នោះ​ចោល និង​ចូលធ្វើ​ស្រែប្រាំង​៣០៥​ហិកតា​នោះ​នៅពេល​ខាងមុខនេះ​។​
​ទាក់ទិន​ទៅនឹង​ការលើកឡើង​ខាងលើ​នេះដែរ លោក អឿង វណ្ណា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​សៀមរាប មិនអាច​សុំ​ការពន្យល់​ពី​លោក​បានទេ ដោយសារ​ទូរស័ព្ទ​ហៅចូល​ច្រើនដង​មិនមាន​អ្នកទទួល​។​តំណាង​ពលរដ្ឋ​មួយរូប​ក្នុងចំណោម​បីនាក់​ដែល​តុលាការ​ហៅចូល​បំភ្លឺ​នោះ និង​ត្រូវជា​មេភូមិ​ល្វា លោក យង់ ហ៊ាន ថ្លែងថា ចៅក្រម​នឹង​លើក​ទៅ​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​១៨​ខែធ្នូ​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា កាលពីដើម​ខែមេសា ឆ្នាំ​២០១២ ដីស្រែប្រាំង​ពួកគាត់​៣០៥​ហិកតា​នោះ ត្រូវបាន​តំណាងរាស្ដ្រ​ខេត្ដ​សៀមរាប លោក សៀង ណាំ ប្រកាស​ប្រគល់ ឲ្យ​ប្រជាពលរដ្ឋ​៨២​គ្រួសារ​ជា​បណ្ដោះអាសន្ន បន្ទាប់ ពី​ប្រគល់​ឲ្យ​រួចមក ទំនាស់​ក៏​ចាប់ផ្ដើម​កើត​ឡើងជា​បន្ដបន្ទាប់ ជាមួយ​ពលរដ្ឋ​៥​នាក់ នៅ​ស្រុក​ប្រាសាទបាគង​នេះ​។ ពលរដ្ឋ​បញ្ជាក់ថា នៅ​ខែសីហា ឆ្នាំ​២០១៤​នេះ អនុប្រធាន​តុលាការ​ខេត្ដ បានចេញ​ដីការ​សម្រេច​ការពារ និង​រឹបអូស​ពី​ពលរដ្ឋ​៥​នាក់​នៅ​ស្រុក​ប្រាសាទបាគង នោះ​ដោយ​រក្សាទុក​នៅ​ស្ថានភាព​ដើម​នៃ​អចលនវត្ថុ​។

ប៉ុន្ដែ នៅ​ថ្ងៃទី​២១ ខែតុលា​ឆ្នាំ​២០១៤ ចៅក្រម​សាលាដំបូង​ខេត្ដ​សៀមរាប លោក អឿង វណ្ណា បានចេញ​ដីកា​សម្រេច​ប​គល់​ដី​ឲ្យ​ទៅ​ពលរដ្ឋ​ទាំង​៥​នាក់​នោះ​ដើម្បី​បង្កបង្កើនផល​វិញ ក្រោម​ហេតុផល​យ៉ាង​ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត​ក៏​នាំគ្នា​មក​តវ៉ា​សាជាថ្មី​នៅមុខ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​រក​យុត្តិធម៌​៕