ខេត្តព្រះសីហនុ៖ ឆ្នេរអូរឈើទាល ដែលកន្លងមកមានការរិះគន់ពីភ្ញៀវទេសចរណ៍ថា តំបន់គ្មានសណ្តាប់ធ្នាប់អនាម័យ រងការបំពុលបរិស្ថានដោយការបង្ហូរទឹកសំអ៊ុយនោះ ឥឡូវថ្មីៗនេះ លោក ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាអោយ
មន្ត្រីក្រោមឱវាទពាក់ព័ន្ធ ជាពិសេស ក្រុមន្ត្រីគ្រប់គ្រងតំបន់ឆ្នេរ អោយចុះធ្វើការពិនិត្យ និង ធ្វើការបោសសំអាតសំណង់អនាធិបតេយ្យ ដែលបង្ក ផលប៉ះពាល់បរិស្ថានឆ្នេរខ្សាច់ ក៏ដូចជាការដាក់ឆ័ត្រ ដាក់តុ លើឆ្នេរខ្សាច់ ដើម្បីធ្វើអាជីវកម្មយកលុយពីភ្ញៀវទេសចរណ៍ បង្ករអោយសណ្តាប់ធ្នាប់តាមបណ្តោយឆ្នេរ មានភាពស្មុគស្មាញពិបាក ក្នុងការលេងកំសាន្តដល់ភ្ញៀវទេសចរណ៍ ។ ជាមួយគ្នានេះ ក្រុមការងារមន្ត្រីជំនាញខេត្ត ក៏បានធ្វើការពិនិត្យផងដែរតូបលក់ដូរ ផ្ទះសំណាក់ ក៏ដូចជាសណ្ឋាគារ នៅតាមបណ្តោយឆ្នេរតំបន់អូរឈើទាល និង តំបន់វិថី ៥០២ រកមើលភាពមិនប្រក្រតី នៃការលួចបង្កប់ទុយោ បង្ហូរទឹកសម្អុយ ចាក់ចូលក្នុងសមុទ្របំពុលបរិស្ថានជាប្រចាំ ។
ជាលទ្ធផល ភាពអនាធិបតេយ្យ នៅតាមបណ្តោយឆ្នេរសមុទ្រតំបន់អូរឈើទាលត្រូវបានបោសសំអាតជាបណ្តើរៗហើយ រីឯទុយោបង្កប់ទឹកសំអុយ ដែលមន្ត្រីជំនាញពិនិត្យឃើញថាបានលួចបង្កប់ នៅក្នុងដី ដើម្បីបញ្ជ្រាបចូលទៅក្នុងសមុទ្រនោះ ត្រូវបានមន្ត្រីជំនាញ យកគ្រឿងចក្រធ្វើការកាយផ្តាច់ ដើម្បីបិទផ្ជិត មិនអោយមានការបង្ហូរបន្តទៀតនោះទេ ព្រមទាំងហៅម្ចាស់ហាង. ផ្ទះសំណាក់. សណ្ឋាគារ ឬ តូបលក់ដូរដែលពាក់ព័ន្ធ មកធ្វើកិច្ចសន្យាបញ្ឈប់ការលួចបង្ហូរទុយោទឹកសំអុយបែបនេះតទៅទៀត ហើយត្រូវរកវិធីបែបណាធ្វើការគ្រប់គ្រងទឹកសំអុយនោះ អោយចូលទៅលូចំរុះដែលមានស្រាប់ ។
លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ជាជំហានដំបូងបន្ទាប់ពីរកឃើញទុយោទឹកសំអុយដែលលួចបង្កប់ដើម្បីបង្ហូរចូលក្នុងសមុទ្រ មន្ត្រីជំនាញរបស់លោក បានធ្វើការកាត់ផ្តាច់រួចហើយ ដើម្បីបញ្ឈប់ការបង្ហូរដូចនេះតទៅទៀត ។ ហើយលោក ធ្វើការជំរាបទៅម្ចាស់សណ្ឋាគារ ម្ចាស់អាជីវកម្មទាំងឡាយដែលពាក់ព័ន្ធ អោយរួមគ្នា ត្រូវធ្វើអាងស្តុក ដោយឡែកៗ រៀងៗខ្លួន ដើម្បីគ្រប់គ្រងទឹកសំអុយទាំងនោះ ហើយប្រសិនជា ពេញ ត្រូវជួលរថយន្តមកបូម ដើម្បីបញ្ចៀសការបង្ហូរចូលសមុទ្រ ដែលបង្កការបំពុលបរិស្ថាននៅក្នុងសមុទ្រ ។
.លោក ឈិត សុខុន ក៏បានបញ្ជាក់ផងដែរ ប្រសិនបើម្ចាស់សណ្ឋាគារ ឬ ម្ចាស់អាជីវកម្មនានា មិនអនុវត្តតាម អាជ្ញាធរខេត្តនឹងមានវិធានការតាមផ្លូវច្បាប់ ដោយបិទអាជីវកម្មទាំងនោះ ជាបណ្តោះអាសន្ន និង ធ្វើការផាកពិន័យ ឬ អាចឈានដល់ការបញ្ឈប់អាជីវកម្មទាំងស្រុងតែម្តង ។
.ប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាអាជីវករមួយចំនួន បានសម្តែងនូវការត្រេកអរ នូវចំណាត់ការរបស់អាជ្ញាធរខេត្ត ដើម្បីបញ្ចៀសទឹកសំអុយហូរចូលសមុទ្របង្កអោយខូចបរិស្ថានតំបន់ឆ្នេរ ជាពិសេសភ្ញៀវទេសចរណ៍ ពីព្រោះទាំងនេះ គឺជាភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ ។
ប្រជាពលរដ្ឋបានបន្តទៀតថា រឿងបញ្ហាបង្ហូរទឹកសំអុយកន្លងមក មិនមែនមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេស ក្រុមមន្ត្រីគ្រប់គ្រងតំបន់ឆ្នេរ មិនដឹងនោះទេ គឺសុទ្ធតែដឹងទាំងអស់ ប៉ុន្តែពួកគេធ្វើមិនដឹងមិនឮ បណ្តែតបណ្តោយអោយ ទឹកសំអុយទាំងនោះ ចេះតែបង្ហូរចូលសមុទ្រជាប្រចាំ ហើយបញ្ហានេះ ក៏មានការលេចលឺថា មន្ត្រីពាក់ព័ន្ធទាំងនោះ ឃុបឃិតជាមួយម្ចាស់អាជីវកម្មប្រព្រិត្តិអំពើពុករលូយទើបបានការបង្ហូរទឹកសំអុយចូលក្នុងសមុទ្រកន្លងមក ។




































