អគ្គនាយករង​ក្រុមហ៊ុន លី យុង​ផាត់ លួច​នាំចូល​ប្រេង​គេចពន្ធ​រាប់សែន​តោន​និង​ចែកចាយ​លក់​ពេញ​ផ្ទៃសមុទ្រ​

0

​ខេត្តកោះកុង​៖ យោងតាម​សេចក្តីរាយការណ៍​ពី ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា​អគ្គនាយករង​ម្នាក់​របស់​ក្រុមហ៊ុន​លី​យុង​ផាត់ បាននិងកំពុង​លួច​នាំចូល​ប្រេង​គេចពន្ធ​យ៉ាងសកម្ម​ក្នុង​បរិមាណ​រាប់សែន​តោន ក្នុង​មួយខែៗ​ហើយ​បាន​ចែកចាយ​លក់​យ៉ាង​អណាធិបតេយ្យ​ក្នុង​លំហ​សមុទ្រ គ្រា​ដែល​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​អើត​មុខ​មើល​សកម្មភាព​ទុច្ចរិត ល្មើសច្បាប់​នោះឡើយ ។
​ប្រភព​ពត៌មាន​ច្បាស់ការ​បាន​រាយការណ៍​ថា​អគ្គនាយក​រដ្ឋ​ក្រុមហ៊ុន លី យុង​ផាត់ ដែល​កំពុង​ប្រព្រឹត្តិ​បទល្មើស​នោះ​ឈ្មោះ លឹម សុខ​ឃាង ដែលជា​ដៃស្តាំ​របស់លោក​ឧកញ៉ា លី យុង​ផាត់ គ្រា​ដែល​អគ្គនាយករង​ម្នាក់នេះ​បាន​ប្រើប្រាស់​កា​ប៉ាល់​ធំៗ ដឹក​ប្រេង​គេចពន្ធ​នាំចូល​ពី​ក្រៅប្រទេស ហើយ​បាននិងកំពុង​ចែកចាយ​លក់​យ៉ាង​អាណាធិបតេយ្យ​ឲ្យ​ក្រុម​សា​ឡង់​បូម​ខ្សាច់ រួមទាំង​ក្រុមហ៊ុនអគ្គីសនី​ចិន និង​ទូក​នេសាទ​ក្នុង​លំហ​សមុទ្រ​ដោយ​មិន​ខ្លាចរអែង​អ្វី​ទាំងអស់ ព្រោះតែ​អាង​អំណាច​លោក​ឧកញ៉ា លី យុង​ផាត់ និង​ទឹក​លុយ​ដ៏​មហាសាល​របស់​ក្រុមហ៊ុន​មួយ​នេះ ។
​អ្នកឆ្លើយឆ្លង​ពត៌មាន​ភ្នំពេញ​ថ្មី​ប្រចាំខេត្ត​កោះកុង​បាន​ឲ្យ​ដឹងថា សកម្មភាព​លួច​នាំចូល​ប្រេង​គេចពន្ធ​ដែលមាន​បរិមាណ​រាប់សិប​តោន​ក្នុង​មួយខែៗ របស់លោក​អគ្គនាយក​រង​ក្រុមហ៊ុន លី យុង​ផាត់ នោះ​មិនមាន​ការលាក់លៀម​ឬ​មិន​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដឹង​នោះទេ ។ ប៉ុន្តែ​ពួកគេ​ធ្វើ​ដោយ​ចំហរ និង​យ៉ាង​អាណាធិបតេយ្យ​បំផុត ហើយ​អ្នកណា​ក៏បាន​ដឹង​រឿង​ទុច្ចរិត​នេះ​ផងដែរ កុំ​សូម្បីតែ​សមត្ថកិច្ច ។
​អ្នករាយការណ៍​បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​ការចែក​ចាយ​លក់​ប្រេង​គេចពន្ធ​បាន​ដោយ​រលូន​នោះ លោក​អគ្គនាយករង​រូប​នោះបាន​ប្រើប្រាស់​មន្ត្រី​ប៉ូលីស​ឋានៈ​នាយផ្នែក​នៅ អធិការដ្ឋាន​ស្រុក​មណ្ឌលសីមា​ម្នាក់ទៀត​ឈ្មោះ សៀង បូរី ឲ្យ​រត់ការ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​រួមទាំង អតិថិជន​និង​អ្នក​សារពត៌មាន​ផងដែរ ដើម្បី​ឲ្យ​បិទ​ភ្នែក​មើលមិនឃើញ​សកម្មភាព​ទុច្ចរិត​របស់​ក្រុម​គេ​។ ដូច្នេះ​គេ​ដឹងថា​អាជ្ញាធរ​រួមទាំង​មន្ត្រី​ជំនាញ​បាន​ងងឹតភ្នែក​នឹង​ទឹក លុយ​អស់​ទៅហើយ ហើយ​មិនអាច​ចាត់ការ​បង្ក្រាប​បទល្មើស​ទ្រង់ទ្រាយ​ធំ​នោះឡើយ ។
​អ្នករាយការណ៍​បញ្ជាក់​ថា​ទាំង​សា​ឡង់​បូម​ខ្សាច់​ទាំង​ក្រុមហ៊ុនអគ្គីសនី ចិន​ដែល​បោះ​ទីតាំងនៅ​ទីនោះ​រួមទាំង​ទូក​នេសាទ​ធំៗ សុទ្ធតែ​បាន​ទិញ​ប្រេង​គេចពន្ធ​របស់​ក្រុមហ៊ុន លី យុង​ផាត់ នោះ ។ ដែល​គេ​ប្រើប្រាស់​រូបភាព​ក្នុង​លំហរ​សមុទ្រ​ដោយ​ប្រើ​កប៉ាល់​ធំៗ ស្តុក​ប្រេង​គេចពន្ធ​និង​ចែកចាយ​តែម្តង ។
​ប្រជាពលរដ្ឋ​បានលើកឡើង​ថា​ទំហំ​នៃ​ការ​លួច​នាំចូល​ប្រេង​គេចពន្ធ របស់លោក​អគ្គនាយក​រង ក្រុមហ៊ុន​លី​យុង​ផាត់ នោះ​គឺ​ធំធេង​ណាស់ ហើយ​បាន​បំផ្លាញ​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយខែៗ ។ ប្រជាពលរដ្ឋ​ចោទ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ថា​បានទទួល​សំណូក​យ៉ាង ក្រាស់ក្រែល​ពី​ជំនួញ​ទុច្ចរិត​នោះ​ទើប​ស្ងាត់​ជ្រាប​មិន​ហ៊ាន​បង្ក្រាប ដូច្នេះ ។
​ប្រជាពលរដ្ឋ​អំពាវនាវ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ទទួលយក​ពត៌មាន​នៃ​អំពើ​ទុច្ចរិត​លួច​នាំចូល​ប្រេង​គេចពន្ធ​របស់ ក្រុមហ៊ុន លី យុង​ផាត់ នេះ ហើយ​ចាត់វិធានការ​ក្តៅ​បង្ក្រាប​ជាបន្ទាន់​ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​ឲ្យ អគ្គនាយករង​រូបនោះ​បំផ្លាញ​ថវិកាជាតិ​ដូច្នេះ​ទៀត​នោះ វា​នឹង​ជៈ​ឥទ្ធិពល​ខ្លាំងណាស់​ដល់​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការចោទប្រកាន់ថា​អ្នកតូច​ប្រព្រឹត្តិ​ខុស ទទួលទោស​តាមច្បាប់​គ្រា​ដែល​អ្នកមានអំណាច​មាន​លុយ​នោះ ទោះជា​ប្រព្រឹត្តិ​បទល្មើស​រហូត​ក្បត់ជាតិ​ក៏​រួចខ្លួន​ដែរ ៕