កំពង់ចាម៖ បន្ទាប់ពីមានការតវ៉ារបស់ប្រជាពលរដ្ឋភូមិអង្គរបានទី៦ នៅសាលាស្រុកកងមាស ហើយនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤នេះ អាជ្ញាធរស្រុកកងមាសបានចុះដល់ទីតាំងទំនាស់ធ្វើរបងថ្មរំលោភយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ខណៈអាជ្ញាធរ ភូមិ ឃុំ អសមត្ថភាពក្នុងចំណាត់ការនោះ ។
លោក ម៉ី ថន ភាគីខាងដើមចោទ និងជាតំណាងរបស់ប្រជាពលរដ្ឋភូមិអង្គរបានទី៦បានឲ្យដឹថា តាំងពីភាគីចុងចោទ លោកស្រី ហឿន នាង ចាប់ជីករណ្តៅចាក់គ្រឹះធ្វើរបងថ្ម លោកបានជំរាបទៅ ខាងអាជ្ញាធរភូមិ ឃុំ ជាបន្តបន្ទាប់ ដើម្បីសូមចំណាត់ការ តែគ្មានប្រសិទ្ធិភាព
រហូតដល់ការកសាងរបងថ្មរួចជាស្ថាពរ ។ ឥលូវនេះយើងនាំគ្នា មកដល់សាលាស្រុក ដើម្បីសូមឲ្យស្រុកជួយអន្តរាគមន៍វិញម្តង គឺសូមឲ្យស្រុកចុះទៅពិនិត្យដល់ទីតាំងរំលោភ ដើម្បីបើកផ្លូវសាធារណៈតាំងពីដូនតានោះ ប្រើប្រាស់ជាផ្លូវការឡើងវិញ ។
លោកស្រី ហឿន នាង ភាគីខាងចុងចោទ បានបញ្ជាក់ដែរថា មុនគាត់សាងសង់ របងថ្មនេះ
គាត់បានសូមខាងអាជ្ញាធរ ភូមិ ឃុំ រួចដែរ ហើយគាត់ធ្វើរបងនេះ គឺដើម្បីការពារក្រុមគ្រួសារគាត់ ពីព្រោះឆ្នាំទៅ មានចោរចូលក្នុងដីគាត់ ហើយបានប្រវាយប្រតប់ជាមួយកូនគាត់ រហូតមានស្នាមរបួសទៀតផង ។
លោក ភោគ សាវុទ្ធ អភិបាលរងស្រុកកងមាស បន្ទាប់ពីជួបសាវនាការ ជាមួយប្រជាពលរដ្ឋរយៈពេលជាង១ម៉ោង ដើម្បីធ្វើការសម្របសម្រួល ឈរលើរូមន្ត ឈ្នះ ឈ្នះ ទាំងអស់គ្នានោះ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានច្រកចេញនៅឡើយទេ ។ ហើយខាងស្រុកក៏បានចុះដល់ទីតាំងទំនាស់ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង រួចបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទាំងនោះថា ចាំស្រុកពិចារណារមើលសិន ៕



































