ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានបក្ខពួក៥នាក់ស្ទាក់ផ្លូវគប់ដំថ្ម និងដេញវាយប្លន់យកម៉ូតូ មួយគ្រឿងពីបុរសម្នាក់បានសម្រេចគេចខ្លួនបាត់ស្រមោល ខណៈជនរងគ្រោះបើកម៉ូតូចេញពីធ្វើការ ត្រូវមកជិតដល់ផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២រំលងអធ្រាត្រ ឆ្លងចូល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវលេខ៥១៦ (ក្បែរផ្ទះជនរងគ្រោះ) ស្ថិតក្នុង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យ គប់ដំថ្ម និងដេញ វាយប្លន់យក ម៉ូតូខាងលើមានឈ្មោះ សេង សុខងួន អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកណាហ្គាវើល ស្នាក់នៅ ផ្ទះលេខ៥B យីហោសុវណ្ណី កាត់កញ្ចក់ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅម៉ាកស៊ុយស៊ូគីនិក ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CF.2769 ។
បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនទើបតែចេញពីធ្វើការនៅ ណាហ្គាវើលម៉ោងជាង១១យប់ រួចបានបើកម៉ូតូតែម្នាក់ឯងមកផ្ទះ ខណៈពេលធ្វើដំណើរមក ជិតដល់ផ្ទះស្រាប់តែមានជនសង្ស័យ៥នាក់ បើកម៉ូតូ៣គ្រឿង ១គ្រឿងម៉ាក ស៊ុយស៊ូគីនិក និង ពីរគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ឈប់ម៉ូតូនៅពីមុខដោយនៅក្នុងដៃមានកាន់សុទ្ធតែ ដំថ្មរួចបើកម៉ូតូដេញតាម។
ភ្លាមនោះខ្លួន (ជនរងគ្រោះ) បានបើកម៉ូតូមកដល់មុខផ្ទះស្រែកឲ្យគេជួយ តែមិនមាន អ្នកណាចេញមកជួយទេ ទើបជនសង្ស័យបានគប់ដំថ្ម និងដេញវាយខ្លួន (ជនរងគ្រោះ) ត្រូវមួយដំថ្មចំដៃខាងស្តាំ រួចក៏បានផ្តួលម៉ូតូចោលរត់ (ដោយមិនបានដកសោរម៉ូតូចេញទេ)
ពេលនោះស្រាប់តែជនសង្ស័យម្នាក់បានមកលើកម៉ូតូបើកគេខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ បាននាំខ្លួន ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងកក់ទី១ ដើម្បីស្វែងរកក្រុមជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមច្បាបស់៕


































