ខេត្តកំពត យ៉ាងហោចណាស់មានយុវជនម្នាក់ បានបាត់បងជីវិត នឹងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម បន្ទាប់ពីយុវជនទាំងពីរនាក់ខាងលើ បើកម៉ូតូមួយគ្រឿង ក្នុងស្ថានភាពស្រវឹង បុកចូលក្រោមកន្ទុយរថយន្តមួយគ្រឿងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតទ្បើងតាមបណ្តោយផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
បើតាមព័ត៌មាន ពីសាក្សីដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនទាំងពីរនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក Step ព័ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-4743 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ក៏បានបុកចូលក្រោមកន្ទុយរថយន្តមួយគ្រឿងម៉ាក ហីយ៉ានដាយ ព័ណស គ្មានស្លាកលេខ ធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យយុវជនទាំងពីរនាក់ខាងលើ ស្លាប់និងរបួសធ្ងន់តែម្តងទៅ ។
សូមបញ្ជាក់ថា យុវជនរងគ្រោះទាំងពីរនាក់ខាងលើមានឈ្មោះ ទី១ រ៉ា វុធ អាយុ១៩ឆ្នាំ ជាអ្នកបើតម៉ូតូ បានស្លាប់នៅនិងកន្លែងកើតហេតុ រស់នៅក្នុងឃុំឃ្លាយខាងជើង ស្រុកដងទង់ ខេត្តកំពត ទី២ឈ្មោះ អ៊ិត វាន់ អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិកោះក្លួត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាម ។ ក្រោយពេលកើតហេតុ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ សហការណ៍ជាមួយជំនាញ ចុះធ្វើអន្តរាគមន៍ នៅកន្លែងកើតហេតុ និងបានវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាច ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ។
ចំណែកសាកសព សមត្ថកិច្ចជំនាញ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នឹងយុវជនដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម ។ សូមបញ្ជាក់ផងដែរថា យុវជនទាំងពីរនាក់ខាងលើ បានពិសារគ្រឿងស្រវឹង រួចហើយបើកបរម៉ូតូក្នុងល្បឿនលឿន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះតែម្តង ៕




































