កិច្ចពិភាក្សា រវាងរដ្ឋាភិបាលអ៊ុយក្រែន និង ក្រុមឧទ្ទាមទាមទារឯករាជ្យ នៅភាគខាង ប្រទេសនោះ បានបន្តធ្វើឡើងកាលពីថ្ងៃពុធ ប៉ុន្តែគេពុំទាន់ឃើញ មានកិច្ចព្រមព្រៀងអ្វីត្រូវបាន សម្រេចនោះឡើយ ក្នុងការបញ្ឈប់ការបាញ់បោះដាក់គ្នាកន្លងមក។ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ
នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ នេះ ដោយលើកឡើង ពីសម្តីអ្នកនាំពាក្យយោធា អ៊ុយក្រែនលោក អេនឌ្រៃ លីសេនកូ ថា “ជាការពិតនោះ រហូតមក ដល់ពេលនេះ មានតែតំបន់មួយប៉ុណ្ណោះ ដែលបានឈប់បាញ់គ្នា ស្របពេលដែលកិច្ចពិភាក្សា បន្ថែមទៀតកំពុងធ្វើឡើង ហើយវាជាសញ្ញាល្អមួយ ដើម្បីបន្តដំណើរចរចាទៅមុខទៀត។”
អ្នកនាំពាក្យខាងលើនេះបន្តទៀតថា អត្ថន័យ និង លទ្ធផលទាំងស្រុងនៃកិច្ចពិភាក្សា នឹងត្រូវ ប្រកាសចេញជាសាធារណៈ លុះត្រាណាតែបទឈប់បាញ់គ្នា បានសម្រេចលទ្ធផលនោះ។ ទោះ ជាបែបនេះក្តី ការប្រឈមមុខដាក់គ្នា នៅតែកើតមាននៅឡើយ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ យោធាអ៊ុយក្រែន ២នាក់បានស្លាប់ និង ៥នាក់ទៀតទទួលរងរបួស នៅភាគខាងកើត។
ទោះបីជាយ៉ាងណាក៏ដោយ ខាងភាគីរដ្ឋាភិបាលអ៊ុយក្រែន បានអំពាវនាវឲ្យភាគីទាំងអស់ គោរពទៅតាមកិច្ចព្រមព្រៀងទីក្រុង មីងក៍ កាលពីថ្ងៃទី០៥ ខែកញ្ញា ហើយត្រូវបញ្ជាក់ឲ្យ ច្បាស់ថា វាពិតជាត្រូវបានគោរពពិតប្រាកដមែន៕