ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យភ្ញាក់ផ្អើលមួយដោយសារតែបុរសជនជាតិកូរ៉េបើករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូសង់កូរ៉េមួយគ្រឿងពេញទំហឹង ប្លោងអ្នកបើកម៉ូតូចេញពីម៉ូតូរងរបួស ចំណែកម៉ូតូនៅកៀបជាប់ពីក្រោមរថយន្តត្រូវរថយន្តបើកអូសយកទៅជាមួយកកិតនិងថ្នល់បែកផ្កាភ្លើងព្រៀក និងហូរប្រេងម៉ូតូស្រោចលើម៉ាស៊ីនដែលកំពុងក្តៅ បណ្តាលឱ្យរថយន្តផ្ទុះឆេះក្នុងអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ សំណាងល្អអ្នកបើកបរលោតចេញទាន់រងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ៣០ នាទីអាធ្រាត្រ ឈានចូលថ្ងៃទី៥ធ្នូ ២០១៤ នៅចំណុចក្បែរកន្លែងលក់គ្រឿងសមុទ្រស្រស់ តាមផ្លូវលេខ៥៩៨ ស្ថិតក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។បុរសរងគ្រោះមានឈ្មោះ សន រ៉ាស៊ី អាយុ៤៥ឆ្នាំ រស់នៅក្នុង ភូមិទួលខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីបុរសរងគ្រោះបានឱ្យដឹង នៅមុនពេលកើតហេតុគឺមេឃបានធ្លាក់ភ្លៀងពេលនោះបុរសរងគ្រោះបាននៅងង្គុយផឹកការហ្វេក្បែរកន្លែងកើតហេតុដើម្បីជ្រកភ្លៀង បន្ទាប់មកក៏បានទាញម៉ូតូសង់កូរ៉េ ពណ៌ក្រហម អត់មានស្លាកលេខ បម្រុងជិះឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-6203 បើកដោយបុរសជនជាតិកូរ៉េម្នាក់យ៉ាងលឿន ពេលនោះបុរសរងគ្រោះគេចមិនទាន់ក៏ត្រូវរថយន្តហ៊ីយ៉ាន់ដាយបើកមកបុកម៉ូតូជនរងគ្រោះទាំងកំរោល ប្លោងខ្ទាតបុរសរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួស ចំណែករថយន្តកៀបជាប់ពីក្រោមរថយន្ត ត្រូវរថយន្តបើកគេចខ្លួនអូសម៉ូតូជនរងគ្រោះទៅជាមួយដោយបើកគេចយ៉ាងលឿនចូលតាមផ្លូវបុរីកាំកូស៊ីធីនិងបានបត់ចូលផ្លូវបេតុងបុរីអង្គររថយន្តបានផ្ទុះឆេះក្នុងអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ សំណាងល្អអ្នកបើកបរលោតចេញទាន់រងរបួសស្រាល ពេលនោះក៏មានរថយន្តពន្លត់អគហ្គិភ័យមកជួយអន្តរាគមន៍ផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកពនិត្យ និងបានហៅរថយន្តស្ទូចមកស្ទូចយកគ្រោងឆ្អឹង រថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ៕


































