បន្ទាយមានជ័យ:មនុស្ស៣នាក់ បានស្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្ត កាម រីចង្កូតស្តាំមួយគ្រឿង បានបើករថយន្តយីឌុបដឹកស្រូវមួយគ្រឿង ឈប់លើផ្លូវជាតិដោយមិនមានដាក់ សញ្ញាប្រាប់ដំណឹងអ្វីទាំងអស់ កាលពីម៉ោង ៩ និង២៥នាទីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវជាតិ លេខ៦ ក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានធ្វើការស្តីបន្ទោសថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងពីការចេះគោរពច្បាប់ចរាចរណ៍លើដងផ្លូវ ពោលរថយន្តដឹកស្រូវ ដែលឈប់ចោលលើ ដងផ្លូវមិនព្រមដាក់សញ្ញាប្រាប់ដំណឹង រីឯខាងរថយន្តកាមរី ក៏បើក បរក្នុងល្បឿនលឿន លើសពីច្បាប់កំណត់។
មន្ត្រីនគបាលប្រាប់ថា: នៅមុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាកតូយូតា កាមរី ចង្កូតស្តាំ ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង 2A-0231 បើកបរដោយលោក វឿត វឿង អាយុ ៣៦ឆ្នាំ បាន បើករថ យន្តដឹកមនុស្សជាច្រើននាក់ តាមបណ្តោយផ្លូវជាតិលេខ៦។ លុះដល់ចំណុចកើតហេតុ បានជ្រុល ទៅបុករថយន្ត យីឌុបដឹកស្រូវ ដែលឈប់លើផ្លូវគ្មានសញ្ញាប្រាប់ដំណឹងពីក្រោយពេញទំហឹង។ រថយន្តដឹកស្រូវឈប់ចោលលើផ្លូវ នេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-7076។
គ្រោះថ្នាក់នេះ បណ្តាលឲ្យ លោក វឿត វឿង អាយុ ៣៦ឆ្នាំ អ្នកបើកបរថយន្តកាមរី លោក ជូ វិត អាយុ ៤៧ លោក អ៊ូច រ៉ុត អាយុ១៦ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ដោយអ្នកដំណើរ៥នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល រួមមាន៖ អ្នកស្រី អ៊ូច អឿត អាយុ ៣៥ឆ្នាំ, កុមារី វិន រដ្ឋ អាយុ ៦ឆ្នាំ, កុមា រា វិន វ័ន អាយុ ៣ឆ្នាំ, អ្នកស្រី ម៉ឺន ហ៊ីង អាយុ ៣៨ឆ្នាំ និងអ្នកស្រី សំ ធឿត អាយុ ៣៥ឆ្នាំ។ ជនរងគ្រោះទាំងអស់ មានទីលំនៅ នៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ។
ក្រោយកើតហេតុជនរងគ្រោះ ដែលស្លាប់ត្រូវសមត្ថកិច្ចបញ្ជូនទៅក្រុមគ្រួសារ អ្នករងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯអ្នកបើកបររថយន្តយីឌុបដឹកស្រូវរត់គេចខ្លួនបាត់។ រថយន្តទាំងពីរ ដែលរងការខូចខាតធ្ងន់ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក៕ដោយ:ឃិន គន្ធា




































