ខណ្ឌមានជ័យ៖កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌមានជ័យ សហការជាមួយនគរបាល ប៉ុស្តិ៍រដ្ឋបាលស្ទឹងស្ទឹងមានជ័យ ដោយមានការដឹកនាំ និងបញ្ជារកម្លាំងផ្ទាល់ ពីសំណាក់លោក ជឹម ស៊ីថា អធិការស្តីទីនគរបាលខណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ តាមចាប់ខ្លួនមុខសញ្ញាចោរកាច់ករម៉ូតូ
ម៉ាកសង់សេ១២៥ បានពីរនាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាព កាច់ករម៉ូតូខាងលើបានសម្រេចតាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤មកម្លេះ នៅចំណុចលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យទាំងពីរនាក់ ដែលត្រូវបានឃាត់ខ្លួន ទី១មានឈ្មោះ ចែម រី ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នមានទីលំនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរជាជាងធ្វើម៉ូតូ និងទី២ឈ្មោះ ហម វាសនា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរជាអ្នករើសអេតចាយ។
មុននឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ខាងលើនេះ គឺសមត្ថកិច្ចបានអនុវត្តន៍ទៅតាមពាក្យបណ្តឹង របស់ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០០៧ ឡើងតែម ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1J-6309 បានមកធ្វើការដាក់ពាក្យនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ បន្ទាប់ពីម៉ូតូរបស់ខ្លួនត្រូវបាន ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពកាច់ករ បានសម្រេចតាំងពីថ្ងៃទី១មកម្លេះ ទើបសមត្ថកិច្ចបើកការស្រាវជ្រាវ រហូតឈានដល់ការតាមចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ បានតែម្តងទៅ ។
យោងសម្តីឆ្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ គឺខ្លួនពិតជាបានធ្វើសកម្មភាពកាច់ករម៉ូតូ សេ១២៥ ខាងលើពិតប្រាកដមែន ហើយក្រោយពេលដែលធ្វើសកម្មភាបបានសម្រេចហើយនោះខ្លួន បានជិះម៉ូតូខាងលើយកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវ ចំនួន៣០០ដុល្លារ យកមកចាយវាយយ៉ាងសប្បាយហ៊ឺហារ ។ លុះមកដល់ថ្ងៃទី៦ ខែឆ្នាំដដែលនោះ ស្រាប់តែមានបុរសម្នាក់ ដែលត្រូវជាមិត្តភក្តិរបស់ជនសង្ស័យ មានបំណង ចង់លួសយកម៉ូតូខាងលើយកមកជិះ ទើបប្រាប់ទៅឈ្មោះ ហម វាសនា ថា “ យកសំបុត្របញ្ចាំម៉ូតូមក ហើយជូនអញ់ទៅលួសម៉ូតូ ដែលបានបញ្ចាំនោះ យកមកជិះ អញ់នឹងអោយលុយចាយខ្លះ ” ។
លឺដូចនោះឈ្មោះ ហម វាសនា បានជូនមិត្តភក្តិរបស់ខ្លួន ទៅឃ្លាំងរំសេវបំណង ទៅលួសម៉ូតូខាងលើវិញ ប៉ុន្តែពេលដែលឈ្មោះ ហម វាសនា ជិះទៅដល់កន្លែងបញ្ចាំភ្លាម ស្រាប់តែត្រូវកម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងសាឡាង ធ្វើការឃាត់ខ្លួនបានភ្លាមៗ រហូតឈានដល់ការតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលមានឈ្មោះ ចែម រី បានសម្រេចក្នុងថ្ងៃតែមួយ ៕



































