ខេត្តកំពង់ឆ្នាំងប្រជាពលដ្ឋក្រីក្រ៤នាក់ រស់នៅក្នុងជីវភាពក្រីក្រ ស៊ីឈ្នួលស្ទើរតែមួយជីវិត បានមួយថ្ងៃសម្រាប់មួយថ្ងៃ ដើម្បីចិញ្ចឹមកូនតូចៗនិងប្រពន្ធ ប្រជាពលរដ្ឋទី១ឈ្មោះ ឆាត លុច ភេទប្រុស អាយុ៣៣ឆ្នាំ ទី២-ឈ្មោះ ម៉ៅ ផុន ភេទប្រុស អាយុ
៣១ឆ្នាំ ទី៣-ឈ្មោះ រស់ អែម ភេទប្រុស អាយុ៥៨ឆ្នាំ អ្នកទាំងបីនាក់ មានទីលំនៅថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងទី៤ឈ្មោះ ម៉ៅ ជា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិតាដែល ឃុំសង្កែទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចម្រុះ ស្រុកទឹកផុសចាប់ដាក់ឃុំឃាំង នៅអធិការដ្ឋាននគរបាល ស្រុកទឹកផុសពេញមួយយប់ រួចបញ្ជូនមកកាន់ សាលាដំបូងខេត្តកំពង់ឆ្នាំង ហើយមកទល់ម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ មិនទាន់បានបន្តនិតិវិធី សាកសួរនៅឡើយ ។
ពួកគេត្រូវបានកម្លាំងសមត្ថកិច្ច រដ្ឋបាលព្រៃឈើ និងនគរបាល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ខណៈពួកគេស៊ីឈ្នួល រើចំការក្នុងតម្លៃមួយថ្ងៃ ១ម៉ឺន៥ពាន់រៀល ។
បើតាមការអះអាង របស់សមត្ថកិច្ច បានអោយដឹងថា អ្នកទាំងបួន បានរុករានទៅលើដីគម្របព្រៃ ដែលទុកជាដីសហគមន៍១០ភាគរយ នៅក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទើបមានការឃាត់ខ្លួនសួរនាំតែម្តង ។
បើយោងតាមសំដី លោកមេភូមិថ្នល់កែង និយាយអោយដឹងថា ប្រជាពលរដ្ឋទាំង៤នាក់ គឺស្ថិតនៅក្នុងជីវភាពក្រីក្រ រកទទួលទានមួយថ្ងៃសម្រាប់១ថ្ងៃ មានពេលខ្លះដាច់បាយ ហុតទឹកបបរក៍មាន ពួកគាត់ស៊ីឈ្នួលរើចំការ អោយប្រជាពលរដ្ឋដទៃទៀត ក្នុងតម្លៃមួយថ្ងៃ ១ម៉ឺន៥ពាន់រៀល នៅចំណុចម្តុំខ្សាច់ពូក ក្នុងភូមិថ្នល់កែង ដែលស្ថិតនៅដាច់ពីដី ដែលម្រុងទុករបស់សហគមន៍ ។
ចំណែកប្រជាពលរដ្ឋ៤នាក់ ដែលត្រូវសមត្ថកិច្ចឃុំខ្លួន បាននិយាយត្អូញត្អែរ ប្រាប់អ្នកយកពត៌មានយើងថា ពួកគាត់រស់ក្នុងជីវភាពក្រលំបាក ពឹងផ្អែកលើកម្លាំងពលកម្ម ស៊ីឈ្នួលស្ទើរតែមិនរស់ ដើម្បីចិញ្ចឹមកូនៗរបស់ពួកគាត់ បើសមត្ថកិច្ចបន្តឃុំខ្លួនគាត់ តើអោយកូនៗនិងប្រពន្ធគាត់ រស់ដោយរបៀបណា។
ពួកគាត់ក៍សុំអំពាវនាវ សុំអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៍ដូចជាថ្នាក់កំពូល មេត្តាជួយដោះលែងពួកគាត់ អោយមានសេរីភាព ដើម្បីស៊ីឈ្នួលបានកម្រៃចិញ្ចឹមគ្រួសារ ដើម្បីបានរស់បន្តទៀត ៕



































