បន្ទាយមានជ័យ ៖អ្នករត់ម៉ូតូឌុបម្នាក់ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការចាប់ខ្លួនសួរនាំនិង កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ ក្រោមបទចោទប្រកាន់ពាក់ពន្ធ័ ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រជាយដែន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១០កន្លងទៅ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងថា ការចាប់ខ្លួនជនសង្ស័យ ធ្វើឡើងតាម ដីការបង្គាប់ឲ្យចាប់ខ្លួន លេខ៧៤ដកចខ ចេញដោយ លោកចៅក្រម សាយ សម្ផស្សសេរី ប្រធានក្រុមជុំនុំជម្រះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១។ក្រោយពី តុលាការចេញសាលក្រមកាត់ទោសកំបាំងមុខ៥៤(ត)ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១១
លោក អ៊ុំ សុផល បានបន្តថា ជនសង្ស័យដែលសមត្ថកិច្ចយើងចាប់ខ្លួនមានឈ្មោះ អ៊ អ៊ុញ ហៅអុញ ភេទប្រុស អាយុ ៤៧ឆ្នាំមានស្រុកកំណើតនៅភូមិតាពរ ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្ដតាកែវ ហើយបច្ចុប្បន្ន ស្នាក់នៅភូមិអណ្ដូងថ្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបាន តុលាការចោទ ប្រកាន់ពីបទ “នាំយកចេញ ដោយមិនស្របច្បាប់ សម្រាប់ ឆ្លងដែន” ប្រព្រឹត្ដទៅនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយ ប៉ែត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១០ តាមមាត្រា ១១ នៃច្បាប់ស្ដីពីការបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទ ។
បច្ចុប្បន្នជនជាប់ចោទស្ថិតកំពុងត្រូវបាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្ត និងបញ្ជូនជនសង្ស័យទៅឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ៕
គួរបញ្ជាក់ថា របរនាំមនុស្សឆ្លងដែនខុសច្បាប់នេះ អាចមានភាពរលូននិងសុខសាន្ត រាល់ថ្ងៃនេះគឺ មជ្ឈដ្ឋានទូទៅបង្ហើបប្រាប់ថា បទល្មើសនេះកើតឡើងពេញបន្ទុកគឺនៅតាមច្រករបៀង ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក វាសុទ្ធតែត្រូវផ្តើមចេញពីសមត្ថកិច្ចគោលដៅ ឃុបឃិតជាមួយមេខ្យល់ ជាថ្នូរលាភសក្ការះ ទើបបទល្មើសនេះមិនចេះរីងស្ងួត៕




































