សៀមរាប ៖ តាមសេចក្ដីរាយការណ៍ដែលគួរអោយទុកចិត្ត បានអោយដឹងថា អស់រយះពេលជាច្រើនឆ្នាំ មកហើយនៅក្នុងទីតាំងសណ្ឋាគារអង្គរអេរ៉ាបាននឹងកពុងមានការលួចលាក់ធ្វើអាជីវកម្មកែច្នៃ និងស្ងោរចំហុយឈើប្រណិតប្រភេទបេងធ្នង់នាងនួន
ខុសច្បាប់ដោយមានទ្បចំហុយ ដ៏ធំមួយដើម្បីនាំយកទៅលក់នៅក្រៅប្រទេសរីឯជំនាញមេព្រៃមូលដ្ឋានបែជាសម្ងំស្ងាត់ឈឹងមិនដែលឃើញចុះបង្ក្រាបនោះទេ។
សណ្ឋាគារអង្គរ អេរ៉ាមានទីតាំងជាប់ផ្លូវជាតិលេខ៦ស្ថិតនៅភូមិខ្នារសង្កាត់ជ្រាវក្រុងខេត្តសៀមរាប។សណ្ឋាគារនេះត្រូវគេរាយការណ៍មកថាក៏មានរឿងអាស្រូវ ធំមួយទៀតពាក់ព័ន្ធទៅ នឹងការសាងសង់របងសណ្ឋាគារអំពីបេតុងរំលោភលើដីចំណីផ្លូវសាធារណៈនៅប៉ែកខាងកើតសណ្ឋាគារដោយមានការត្រូវរ៉ូវគ្នាជាមួយមន្ដ្រីជំនាញសុរិយោដីខេត្តសៀមរាបនេះបើតាមការអោយដឹងពីមន្ដ្រីក្រុមប្រឹក្សាសង្កាត់ជ្រាវ ។
ប្រភពព័ត៌មានពីភ្នាក់ងារ បានរាយការណ៍ អោយដឹងនៅព្រឹកថ្ងៃទី០៩ ធ្នូ ២០១៤ថា ម្ចាស់សណ្ឋាគារនេះបានប្រមូលទិញឈើប្រណីតតាប់និងសន្លឹកជិត១០ ឆ្នាំមកហើយដោយមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងជំនាញមេព្រៃ ខេត្តសៀមរាប ហើយសង្ស័យពួកមន្ដ្រី ទាំងនេះ បានទទួលផលប្រយោជន៍លាភសក្ការៈ ដុំកំភួនថែមទៀតផង។ថៅកែសណ្ឋាគារអង្គរអេរ៉ា ដ៏មានឥទ្ធិពលម្នាក់នេះ មកពីខេត្តកំពង់ចាម។
ប្រភពព័ត៌មានដដែលបានអោយដឹងថាសព្វថ្ងៃនេះថៅកែសណ្ឋាគារបានប្រគល់ការងារទៅអោយបុរសម្នាក់ឈ្មោះ ស៊ី ណា ជាអ្នករ៉ាប់រងប្រមូលទិញចូលឈើប្រណីតប្រភេទបេងធ្នង់នាងនួនដើម្បីយកមកស្ងោរក្នុងទ្បអោយស្វិតរួចហើយផែច្រៀកដោយម៉ាស៊ីនទំនើបកែច្នៃធ្វើជាគ្រឿងសង្ហា រឹម រាងជាបន្ទះៗដើម្បីដឹកជញ្ជូនតាមរថយន្ដយកទៅលក់នៅក្រៅប្រទេស។
លោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង និងត្រួតត្រាក្រុងសៀមរាបមិនអាចទាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធនឹងបញ្ហានេះ។
ចំណែកលោកស៊ីណាដែលត្រូវគេដឹងថាជាអ្នកទទួលមើលការខុសត្រូវក្នុងសណ្ឋាគារនេះក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរពាក់ព័ន្ធនឹងការចោទប្រកាន់នេះ៕ដោយៈខេងឧត្តម