ព្រះវិហារនារីជនជាតិទ្បាវម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំឆ្លងដែនពីប្រទេសទ្បាវមកកាន់កម្ពុជាត្រង់ចំណុចព្រំដែនទន្លេល្ពៅក្នុងភូមិកំពង់ស្រទ្បៅឃុំកំពង់ស្រទ្បៅ១
ស្រុកឆែបខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១០ធ្នូ២០១៤នេះ។
ប្រជាពលរដ្ឋរាយការណ៍អោយដឹងថាច្រកព្រំដែនកម្ពុជាទ្បាវត្រង់កំពង់ស្រទ្បៅជាច្រកមួយល្បីល្បាញសំរាប់ជនល្មើសយកធ្វើជាយុទ្ធសាស្ដ្រជួញដូរគ្រឿងញៀនហើយយូរៗម្ដងទើបឃើញសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបរីឯអាជ្ញាធរស្រុកឆែបបច្ចុប្បន្ននៅមានភាពទន់ខ្សោយនៅទ្បើយក្នុងការស៊ើបអង្កេតមុខសញ្ញាជួញដូរគ្រឿងញៀនទាំងនោះ។
លោកមៀកសំអូនស្នងការរងនគរបាលខេត្តព្រះវិហារទទួលបន្ទុកប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសបានអោយអ្នកសារព័ត៌មានដឹងថាពិតជាមានករណីចាប់ឃាត់ខ្លួននារីទ្បាវម្នាក់ជួញដូរគ្រឿងប្រាកដមែនហើយមន្ដ្រីតុលាការក៍បានចូលរួមពិនិត្យវត្ថុតាងថ្នាំញៀនទាំងនោះផងដែរ។ជនល្មើសបានលាក់ទុកគ្រឿងញៀនក្នុងស្បោងផ្លាស្ទីកធំ១ដោយឆែករកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រភេទម្ស៉ៅក្រាមពណ៌ស(ម៉ាទឹកកក)ទម្ងន់ជិត១គីទ្បូក្រាមនិងថ្នាំញៀនមេតំហ្វេតាមីនប្រភេទគ្រាប់ចំនួន៩៩៧គ្រាប់។
លោកស្នងការរងនគរបាលបានបន្តទៀតថាជនល្មើសជានារីជនជាតិទ្បាវឈ្មោះកែវមុនីវង់ហៅម៉ាល័យអាយុ១៩ឆ្នាំជាមុខសញ្ញាដែលខាងអង្គភាពរបស់លោកតាមស្រាវជ្រាវចាប់ខ្លួនយូរមកហើយប៉ុន្ដែមកដល់ពេលនេះត្រូវនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបចាប់ខ្លួនបានតែម្ដងហើយបានប្រគល់ជនសង្ស័យអោយខាងជំនាញរបស់លោកចាត់ការបន្តតាមផ្លូវច្បាប់។ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការខេត្តនៅដដែលនេះ។
លោកស្នងការរងនគរបាលបានថ្លែងអោយដឹងថាក្នុងឆ្នាំ២០១៤គិតត្រឹមថ្ងៃទី១០ធ្នូនេះសមត្ថកិច្ចនគរបាលបង្ក្រាបជនល្មើសជួញដូរគ្រឿងញៀនបានចំនួន២០ករណីសរុបទាំងលើកនេះគឺ៣ករណីបង្ក្រាបនៅព្រំដែនទ្បាវនៅភូមិកំពង់ស្រទ្បៅនិងចំនួន១៧ករណីផ្សេងទៀតបង្ក្រាបក្នុងទីរួមខេត្តព្រះវិហារ។នៅមានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២០នាក់ផ្សេងទៀតខាងជំនាញរបស់លោកកំពុងមានវិធានការតាមស្រាវជ្រាវចាប់ខ្លួនជាបន្តទៀតដើម្បីយកមកផ្តន្ទាទោស៕



































