ខេត្តសៀមរាបនាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ នៅរដ្ឋបាលសាលាស្រុកជីក្រែង ខេត្តសៀមរាប មានរៀបចំពិធីប្រកាសចូលកាន់មុខខតំណែងអភិបាល អភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមអធិបតីភាពឯ.ឧ នូ
ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងមានការចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក មន្ត្រីការិយាល័យជុំវិញស្រុក និង កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរឃុំ ចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោកពៅ ប៊ុនធឿន អភិបាលស្រុកស្ដីទី ក៏បានលើកឡើងពីសមិទ្ធផល ដែលសាលាស្រុកបានកសាងឡើងនៅក្នុងអាណត្តិមុនលើការអភិវឌ្ឍន៍ស្រុក សំខាន់ក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ ព្រមទាំងធ្វើឲ្យជីវភាព សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង។ ក្នុងនោះដែរ លោកក៏បានលើកឡើងពីសមិទ្ធផលនានាដែលសម្រេចបាន ក្នុងដំណាក់កាលដែលលោកទទួលជាអភិបាលស្ដីទីផងដែរ ។
បន្ទាប់ពីលោកសុខ ថុល នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានអាននូវអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចដែលបានសម្រេចតែងតាំងលោកពៅ ប៊ុនធឿន ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់ទី១៣ ជាអភិបាលស្រុកជីក្រែង និងប្រកាសតែងតាំងលោកជ្រា មុនី ឋានន្តរសក្តិនាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងស្រុកជីក្រែង និងតែងតាំងលោកតាន់ ប៊ុនឆន ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ១៣ ជានាយករដ្ឋបាលសាលាស្រុកជីក្រែង រួចមក មានប្រសាសន៍សំណេះសំណាលនោះដែរឯ.ឧ នូ ផល្លា ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាង អភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។
សមទ្ធិផលដែលស្រុក សម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់ រាជរដ្ឋាភិបាល ហើយក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមិទ្ធផល ជាច្រើគួរជាទីមោទនភាព ។ ឯកឧត្តម ក៏លើកឡើងថា ពិធីប្រកាសចូលកាន់មុខតំណែងនាពេលនេះ វាជាបែបបទ នីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណា ឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន ។
ឯ.ឧ នូ ផល្លា ក៏បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរភារកិច្ចនេះ គឺជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និងប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាលពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុកត្រូវតែបន្ត និរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុប សំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រង រដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបំម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងស្រុកជីក្រែងនេះ ។ ឯ.ឧ ក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ ត្រូវបន្តដោះស្រាយឲ្យមានប្រសិទ្ធិភាព នូវរាល់បញ្ហាប្រឈម និងបញ្ហាសេសសល់ទាំងឡាយដែលស្រុកបានជួបប្រទះ ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានត្រូវសហការលុបបំបាត់នូវអំពើពុករលួយ ការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេង ទំនើង និងជំនួញចរាចរឈើក្រញូង បទល្មើសនេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាដើម ។
ឯ.ឧ ក៏បានធ្វើការផ្តាំផ្ញើដល់ អភិបាល អភិបាលរងស្រុក និងនាយករដ្ឋបាល ដែលទើបប្រកាសតែងតាំងថ្មី ត្រូវបង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង លើមូលដ្ឋានច្បាប់ និងគោលការណ៍ អភិបាលកិច្ចល្អ ក្នុងជួរគណៈអភិបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តនិរន្តភាព ការងារក្នុងការធានា ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើ និងជម្រុញការអភិវឌ្ឍន៍ស្រុក ដែលជាទី រមណីយដ្ឋានវប្បធម៌ដ៏ល្បី ព្រមទាំងគោរពនូវរាល់គោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋភិបាល ក្រសួងមហាផ្ទៃឲ្យបាន
ត្រឹមត្រូវ និងប្រតិបត្តិឲ្យបានម៉ត់ចត់នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងកម្មវិធីកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់ការទី៣ របស់រាជរដ្ឋាភិបាល ព្រមទាំងបន្ត ថែរក្សា និង ការពារឲ្យបានគង់វង្ស នូវរាល់សមិទ្ធផលនានារបស់ស្រុក និងសហការឲ្យបានល្អក្នុងភាព ជាដៃគូជាមួយវិស័យឯកជន រួមទាំងអង្គការ សង្គមស៊ីវិលទាំងអស់ដែលមានទីតាំងនៅក្នុងស្រុក ជីក្រែង ផ្ទាល់ផងដែរ ។



































