យោងតាម ការតាមដានទូទាំងសកលលោក បានឲ្យដឹងថា តារាចម្រៀងប៉ុប របស់ កូរ៉េខាងត្បូង PSY នៅ តែបន្តបំបែកកំណត់ត្រាថ្មីៗទៀត នៅក្នុងគេហទំព័រកំសាន្ត Youtube ដែលមិនធ្លាប់មាននោះឡើយ ក្នុងប្រវត្តិសាស្ត្រ នៃបទចម្រៀងអន្តរជាតិនានាកន្លងមក ។
ចំពោះវីដេអូចម្រៀង Gentleman ដែលជាបទចម្រៀងចេញផ្សាយ កាលពីឆ្នាំ២០១៣ និងជាផលិតផលបន្ទាប់ពីបទ Gangnam Style ដែលផលិតកាលពីឆ្នាំ ២០១២នោះ បានបំបែក កំណត់ត្រាថ្មី ដោយមានអ្នកចូលទស្សនាច្រើនដង ជាងគេ ក្នុងពេលតែមួយថ្ងៃ គឺ៣៨លានដង កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅនេះ។ នេះបើតាមទិន្នន័យ ដែលចេញ ដោយក្រុមហ៊ុន Google កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៤ ។
ចំពោះកំណត់ត្រាមួយទៀត សម្រាប់បទ Gentleman គឺការទទួលបានអ្នកចូលទស្សនាចំនួន ២១៥លានដង តែក្នុង រយៈពេល ១០ថ្ងៃ បន្ទាប់ពីវាបានដាក់ឲ្យទស្សនាជាសាធារណៈក្នុង Youtube កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៣ ។ ដោយឡែកកាលពីបទ Gangnam Style នោះ វាត្រូវការរយៈពេលរហូតដល់ ១ខែឯណោះ ទើបទទួលបានអ្នក ទស្សនា ១០០លានដង ។
កាលពីសប្តាហ៍មុននេះ Google ក៏បានបង្ហាញឲ្យដឹងផងដែរថា វីដេអូចម្រៀង Gangnam Style ដែលត្រូវបានចាត់ទុក ជាវីដេអូ ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតក្នុង Youtube នោះ នៅតែឈរនៅលេខរៀងកំពូលជានិច្ច ដោយ ក្រុមហ៊ុននេះ ត្រូវធ្វើការ Updateរៀងរាល់ពេល ៕