ក្រចេះ ៖ រថយន្តតូយូតាហ្វត ពណ៌ខ្មៅ មួយគ្រឿង របស់ប្រទេសឡាវ បុកគ្នាជាមួយនិងរថយន្តសាំងយ៉ុង ដឹកអ្នកដំណើរពេញទំហឹង បណ្ដាលអោយអ្នកបើកបរម្នាក់ កៀបស្លាប់ និង១១នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤
នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវកោងជណ្ដើរកាច់ ដែលស្ថិតនៅក្នុងភូមិស្រែរស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ស្រុកសំបូរបានអោយដឹងថា រថយន្តម៉ាកតូយូតាហ្វត ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ បើកបរដោយឈ្មោះ អែម ជល្លាឆុន្នី ភេទប្រុស បើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងខ្លាំង បានរេចង្កូតទៅបុកជាមួយរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ បណ្ដាលអោយអ្នកបើកបរសាំយ៉ុងកៀបជាប់និងរថយន្តស្លាប់ និង១១នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល។
ប្រភពបន្តថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ផៃ បេងហ៊ាង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិ កោងទន្លេរលើ ឃុំល្វា ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្នករងរបួសទាំង១១នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ចំណែករថយន្តទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន។
ប្រភពពីប្រជាពលរដ្ឋបានអោយបណ្ដាញកម្ពុជាថ្មីដឹងថា បន្ទាប់ពីកើតហេតុរួច អ្នកនៅកន្លែងកើតហេតុបាននាំគ្នាទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យដែលប្រចាំការនៅមណ្ឌលសុខភាពអូរគ្រៀង ដើម្បីជួយដឹកអ្នករបួសទៅមន្ទីរពេទ្យ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យនោះឆ្លើយថា គាត់រវល់ណាស់ទៅមិនបានទេ ប៉ុន្តែដោយសារមានអ្នករងរបួសច្រើន ត្រូវការចាំបាច់នូវរថយន្តសង្គ្រោះទើប សមត្ថកិច្ចមូលដ្ឋានទៅអង្វរគ្រូពេទ្យដល់ផ្ទះ ទើបគេព្រមមកដឹកអ្នករបួសទាំងអស់នោះមកមន្ទីរពេទ្យបង្អែកខេត្ត។
ពលរដ្ឋនៅឃុំអូរគ្រៀងសំណូមពរដល់ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះជួយ ពិនិត្យមើលផង បើរថយន្តសង្គ្រោះរបស់រដ្ឋទុកសម្រាប់ប្រើប្រាស់ជាលក្ខណៈបុគ្គលដឹកកម្មករទៅធ្វើចំការ ឬបើកទៅនៅចំការ ហើយពេលត្រូវការចាំបាច់អត់មានរបស់ប្រើ ពួកគាត់បានដាក់ចម្ងល់ថា តើរបស់រដ្ឋទុកសម្រាប់បុគ្គលប្រើប្រាស់ ឬសម្រាប់បម្រើប្រជាពលរដ្ឋ៕




































