ខេត្តបន្ទាយមានជ័យកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យបានរួមសហការជាមួយកម្លាំងយោធាវរះ៥១៥និងកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលមូលដ្ឋាន តំណាង យុវជន កាកបាទក្រហម ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរ មូលដ្ឋាន
កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ បានចុះទៅផ្សព្វផ្សាយ គោលនយោបាយភូមិឃុំ មាន សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីបង្កើនការយល់ដឹង នូវកិច្ចការពារសន្តិសុខ ដល់ប្រជាពលរដ្ឋទាំងនោះ។
លោក សែន សុភាព នាយនគរបាលស្តីទី ប៉ុស្តិ៍ព្រំដែន ជោគជ័យ បានឲ្យដឹងថា ដើម្បីចូលរួម បង្កើនការយល់ដឹង របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន អំពីគោលនយោបាយ ភូមិឃុំ មាន សុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលនោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានណែនាំឲ្យកំលាំងនគរបាលតាមប៉ុស្តិ៍ តាមបណ្តាវរះ ត្រូវដាក់ផែនការ លើការងារមួយនេះជាប្រចាំ។
លោក សែន សុភាព បានបន្តទៀតថា ក្រោយទទួលគោលការណ៍ពីថ្នាក់ដឹកនាំរួចមក មេបញ្ជាការវរសេនាតូច ការពារព្រំដែនគោក៩១១ លោក សូ ចាន់ណារី បានចាត់ចែងឲ្យ កម្លាំងនគរបាលប៉ុស្តិ៍ របស់លោក សហការជាមួយ ភាគី ពាក់ព័ន្ធចុះទៅរៀបចំ យុទ្ធនាការខាងលើនេះ តាមរយះការអញ្ជើញ ឲ្យ ប្រជាពលរដ្ឋចូលរួម ដើម្បីស្តាប់ និងលើកឡើងនូវកង្វល់ ក៏ដូចជា សំណូមពរ ទាំងឡាយ របស់ពួកគាត់ ។
ជាមួយគ្នានេះ នៅវេលា ម៉ោង៩ព្រឹក ថ្ងៃដដែល កម្លាំងប៉ុស្តិ៍ការពារព្រំដែន ព្រៃគប់ នៃវរ សេនា តូច911ចំនួន១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក កែវ បូរ៉ា នាយប៉ុស្តិ៍ ប្រដាប់ដោយ អាវុធAK ចំនួន09ដើម បាន ដើរល្បាត ក្នុង ភូមិសាស្ត្រ របស់ខ្លួន ចាប់ពីនិយាមការ TA(395.159) ដល់និយាមការ TA (415.165) ដើម្បីពិនិត្យមើល និងទប់ស្កាត់ បទល្មើសនានា ដែលអាចកើត មានឡើង។ មន្ត្រីនគរបាល ប៉ុស្តិ៍ព្រៃគប់ បានបញ្ជាក់ថា ក្រោយការ ចុះត្រួតពិនិត្យ នៅក្នុងភូមិសាស្ត្រ របស់ខ្លួននោះ ជាលទ្ធផលគ្មានអ្វីកើតឡើង គួរឲ្យគត់សម្គាល់នោះឡើយ ។
មន្ត្រីនគរបាលដដែល បានឲ្យដឹងថា លោកស្នងការខេត្ត បានដាក់ផែនការឲ្យ នគរបាលពាក់ព័ន្ធ ទាំងអស់ ត្រូវបង្កើន ការចុះល្បាតជាប្រចាំក្នុង ភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់ បទល្មើសនានា ដូចជា ការទប់ស្កាត់ការ ឆ្លងដែនមនុស្សខុសច្បាប់ ទំនិញគេចពន្ធខុសច្បាប់ និងអំពើចោរកម្មក្នុស្រុកនិងចោរកម្មឆ្លងដែនជាដើម៕ គង្គា




































