រថយន្ត​ចាស់​មិន​គ្រប់លក្ខណៈ​បច្ចេកទេស មិនគួរ​ធ្វើ​ចរាចរណ៍​នោះទេ ព្រោះ​អាច​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល​

0

(​ខេត្តព្រៃវែង​) រថយន្ត​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម មិនមាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់ ដូច​ឃើញ​ក្នុង​រូបថត​នេះ ធ្វើ​ចរាចរណ៍​យ៉ាង​សង្ហា ពេញ​ទឹកដី​ខេត្តព្រៃវែង​។ អាច​ប្រឈម​និង​គ្រោះថ្នាក់​ចរាចរ គ្រប់ពេល​ក៏​ថា​បាន ព្រោះ​រថយន្ត​ដែល​កំពង់​ធ្វើ​ចរាចរណ៍​នេះ គ្មាន​ភ្លើង​ស៊ីញ៉ូ​ឆ្វេង​ស្តាំ​មុខក្រោយ និង​គ្មាន​ភ្លើងស្តុប កង់​សឹក​ក្រឡា​អស់ តួ​រថយន្ត​ចាស់​មើល​លែង​យល់ មិនគួរ​ធ្វើ​ចរាចរណ៍​បែបនេះ​ទៀត​ទេ​។​
​រថយន្ត​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​មើល​លែង​យល់ មិន​ស្គាល់​ម៉ាក មិនដឹង​ស៊េរី​ផលិត​នៅ​ឆ្នាំ​ណា ធ្វើ​ចរាចរណ៍​ក្នុង​ខេត្តព្រៃវែង​យូរ​ឆ្នាំ​មកហើយ ធ្វើ​ចរាចរណ៍​ទៅដល់​កន្លែង​ណា មហាជន​បាននាំគ្នា​ធ្វើការ រិះគន់​ទៅដល់​ម្ចាស់​រថយន្ត​មិនគួរ​នៅតែ​បន្ត​ប្រើប្រាស់​រថយន្ត​ដែល​ចាស់​មើល​លែង​យល់​បែបនេះ មិន​គ្រប់ លក្ខណៈ​បច្ចេកទេស​ដូចនេះ​ទៀត​ទេ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ខ្លួនឯង និង​អ្នក​ដ៏​ទៃ​ផងដែរ​។ ក្រុម​មហាជន ដែល​ធ្វើការ​រិះគន់ នៅពេល​ឃើញ​រថយន្ត​នេះ​ធ្វើចរាចរ​ឆ្លងកាត់​ក្រុម​ប៉ូលីស​ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ ក្រុម​ប៉ូលីស​ទាំងនោះ​ក្រឡេកមើល​ហើយ នាំគ្នា​សើច មិន​ធ្វើការ​ផាកពិន័យ​រថយន្ត​បែបនេះ​ទៅវិញ ។​
​ពាក់ព័ន្ធ​និង​រថយន្ត​ចាស់ ហើយ​មិន​គ្រប់លក្ខណៈ​បច្ចេកទេស​នេះ​ផងដែរ លោក ម៉ៅ សា​ម៉េ​ត នាយការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​យ៉ាង ច្បាស់​ថា លោក​និង​សហការ​ជាមួយ​មន្ត្រី​សាធារណៈ​ការធ្វើ​ការប្រមាន​ដល់​ម្ចាស់​រថយន្ត​ចាស់ៗ មិន​គ្រប់ លក្ខណៈ​បច្ចេកទេស​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ទឹកដី​ខេត្តព្រៃវែង​រាល់ថ្ងៃនេះ លោក​មិន​អនុញ្ញាតអោយ ធ្វើ​ចរាចរណ៍​ទៀត​ជាដាច់ខាត​។ ជាពិសេស​មិន​អនុញ្ញាតអោយ​ធ្វើចរាចរ​ណ៍​តាម​បណ្តោយ​ផ្លូវជាតិ ព្រោះ បច្ចុប្បន្ននេះ​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយសារ​កត្តា​យានយន្ត​កំពុងតែ​កើនឡើង គួរអោយ​ព្រួយ បារ​ម្មណ៍​ផងដែរ​។​
​លោក ម៉ៅ សា​ម៉េ​ត បាន​បន្តទៀតថា រថយន្ត​ដែល​ចាស់ គ្មាន​ភ្លើង​ស៊ីញ៉ូ មុខក្រោយ​ទាំងសងខាង គ្មាន​ភ្លើងស្តុប លោក​និង​ធ្វើការ​ផាកពិន័យ​ដល់​ម្ចាស់​រថយន្ត​ទាំងនោះ អោយបាន​ធ្ងន់ធ្ងរ​បំផុត​ទៅតាម​ផ្លូវច្បាប់ ។ ពីព្រោះ​រថយន្ត​ទាំងនោះ​វា អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត​ដូចជា ផ្ទុះ​កង់ ដាច់​ហ្វ្រាំង ដាច់​រ៉ូ​ទីល និង​ដាច់​ក្រ​ឡេ ។ ល ។ ហើយ​ពិសេស​ជាងនេះទៅទៀត វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ដោយ មិនដឹង​ខ្លួន​ទៀតផង​។