ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបនារីម្នាក់ស្រវឹងនៅពីក្រោយ ខណៈឌុបចុះពីលើស្ពានព្រះមុនីវង្សថ្មី ក៏មានម៉ូតូមួយគ្រឿងជិះនៅពីមុខចាប់ហ្វ្រាំងធ្វើអោយជនរងគ្រោះទាំង២នាក់អកសឺបុកប៉ះដួល បណ្ដាលអោយនារីរងគ្រោះរងរបួសសន្លប់មួយសន្ទុះធំ ចំណែកបុរសដែលជិះម៉ូតូឌុបគ្រាន់តែ រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌចំការមន។
បើតាមសម្ដីបុរសរងគ្រោះបានប្រាប់អោយដឹងថា បន្ទាប់ចេញពីជប់លៀងជាមួយមិត្តភ័ក្តិ រូបគេ បានជិះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CR-8432 ឌុបនារីរងគ្រោះជាមិត្តភ័ក្តិជូនទៅផ្ទះដោយសារនារីរងគ្រោះផឹកស្រវឹងខ្លាំងពេក ខណៈដែលឌុបចុះពីលើស្ពានព្រះមុនីវង្សថ្មី ក៏មានម៉ូតូមួយគ្រឿងជិះនៅពីមុខបានចាប់ហ្វ្រាំង ធ្វើអោយរូបគេអកសឺក៏បុកប៉ះបណ្ដាលអោយដួលដោយរូបគេរងរបួសស្រាលចំណែកនារីរងគ្រោះរងរបួសរលាត់ដៃជើងសន្លប់មួយសន្ទុះដោយសាររូបនាងស្រវឹងផង ភ្លាមៗរូបគេបានលើកម៉ូតូ ជិះយកទៅទុកនៅគល់ស្ពានសិនហើយចាំមកមើលនារីរងគ្រោះវិញ តែនារីរងគ្រោះក៏ត្រូវបាន ប្រជាពលរដ្ឋឃើញហេតុការណ៍ជួយបីយកមកគល់ស្ពានហើយរូបនាងក៏ដឹងខ្លួនបែបរវើលរវាយ ក៏ត្រូវបានសមត្ថកិច្ចប្រចាំការណ៍ក្បែរនោះជួយអន្តរាគមន៍ហៅរថយន្តសាមុយដឹកនារីរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចក៏បានឃាត់រក្សាទុកនៅប៉ុស្ដិ៍នគរបាល ច្បារអំពៅ១ ដោយប្រាប់ថាយកឯកសារមកត្រួតពិនិត្យមើលសិនទៅប្រគល់ម៉ូតូអោយទៅវិញ ព្រោះសមត្ថកិច្ចមិនដឹងថាជាម៉ូតូរបស់អ្នកណានោះទេ (មិនដឹងរបស់បុរសរងគ្រោះ ឬរបស់នារី រងគ្រោះ ខ្លាចបុរសរងគ្រោះស៊ីដាច់)៕



































