ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះនៃមន្ទីរការិយាល័យប្រឆាំងបទល្មើលគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ និងអាជ្ញាធរមូលដ្ឋាន បានបើកកិច្ចប្រតិបត្តិការចុះធ្វើការឆែកឆេរផ្ទះលេខ៧២០ ស្ថិកតាមបណ្តោយផ្លូវលំ ក្នុងក្រុមទី១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ពាក់ព័ន្ធនឹងករណីជួយដូរ និងចែកចាយ។
មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ( ក្នុងនោះមានស្រីម្នាក់ ) ខាងលើនេះគឺដំបូងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រុង បានបើកការស្រាវជ្រាវ និងដានតាមមកអស់រយះពេលយូរ រហូតឈានដល់មានតម្រុយច្បាស់លាស់ថា មានជនសង្ស័យមួយចំនួនកំពុងពួនសំងំបើកទីតាំងចែកចាយគ្រឿងញៀន ទើបសមត្ថកិច្ចប្រឆាំងបទល្មើលគ្រឿងញៀន សម្រេចសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការឡោមព័ទ្ធឆែកឆេរទីតាំងផ្ទះលេខ៧២០ ខាងលើភ្លាមៗ ហើយជាលទ្ធផលសមត្ថកិច្ចរកថ្នាំញៀនប្រភេទក្រាមសថ្លា មួយចំនួនធំ និងឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ក្នុងមានស្រីម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរនិងចែកចាយ ។
ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លា ១៨កញ្ជប់តូច ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង កញ្ចប់សម្រាប់ច្រកថ្នាំជាច្រើកកញ្ចប់ រួមជាមួយវត្ថុតាងមួយចំនួនទៀតផងដែរ ។ហើយ ចំពោះអត្តសញ្ញាណជនសង្ស័យសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៥នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់មន្ទីរការិយាល័យប្រឆាំងបទល្មើលគ្រឿងញៀន ដើម្បីធ្វើការសាកសួរនាំបន្ត និងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕




































