នៅល្ងាចថ្ងៃទី១១ខែធ្នូឆ្នាំ២០១៤នេះ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គូម៉ាម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រគល់គ្រឿង ឥស្សរិយ យសព្រះចៅអធិរាជជប៉ុន ចំពោះ លោក គង់ វន ប្រធានក្រុមប្រឹក្សាភិបាលនៃអនុ និងវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន និងជាប្រធានអង្គការមូលនិធិខ្មែរជំនួយការសិក្សា។
លោក គង់ វន ក្នុងវ័យ៧៧ឆ្នាំ លោកបានរស់រាន មានជីវិតរួចផុតពីសម័យដ៏ជូរចត់ គឺសម័យកម្ពុជាប្រជាធិបតេយ្យ ហើយនៅឆ្នាំ១៩៨១ លោកបានភៀសខ្លួន ពីប្រទេសកម្ពុជាជាមួយក្រុមគ្រួសារ និងបានចាប់ផ្តើមរស់នៅក្នុងប្រទេសជប៉ុន ក្នុងនាមជាជនភៀសខ្លួន នយោបាយ។ ក្រោយពេលវិលមកកាន់មាតុប្រទេសវិញ ក្នុងឆន្ទៈចូលរួមចំណែក ការស្តារនិងអភិវឌ្ឍន៍វិស័យ អប់រំឡើងវិញ បន្ទាប់ពីវិស័យដ៏សំខាន់នេះត្រូវបានគេលប់បំបាត់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ទើបជម្រុញ ឲ្យលោកសម្រេចចិត្តបង្កើតមូលនិធិខ្មែរជំនួយការសិក្សានៅក្នុងប្រទេសជប៉ុន ហើយលោកបានដើរតួជាប្រធាន មូលនិធិផ្ទាល់ផងដែរ។
លោកបានប្រើប្រាស់មូលនិធិទាំងនោះដើម្បីសាងសង់ សាលារៀនសរុបចំនួន៥រូមមាន៖ កំរិតបឋមសិក្សា អនុ និងវទ្យាល័យ នៅក្នុងខេតត្តព្រៃវែង និងបានដើរតួនាទី ដ៏សំខាន់ក្នុងការពាំនាំនូវជំនួយ យ៉ាងជាក់លាក់មកកាន់ប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត លោក គង់ វន គឺជាស្ថាបនិកសាងសង់ អនុនិង វិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងបានចាប់ផ្តើមបង្កើតនូវការបណ្តុះបណ្តាលការ សិក្សាភាសាជប៉ុននៅក្នុង កំរិតអនុនិងវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជាជាលើកដំបូងបង្អស់ក្នុងឆ្នាំ១៩៩៩។
ដោយសារឧត្តមគតិ និងសុឆន្ទៈទាំងអស់នេះហើយ ទើបនៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៤កន្លងទៅនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសជាផ្លូវការនូវឈ្មោះបរទេស ដែលជាអ្នកទទួលបានគ្រឿងឥស្សរិយយសព្រះចៅ អធិរាជជប៉ុនប្រចាំនៅសរទរដូវឆ្នាំ២០១៤។ ក្នុងចំណោមអ្នកទទួលដែលជាជនបរទេស៥៧នាក់ លោក គង់ វន ប្រធានក្រុមប្រឹក្សាភិបាលនៃអនុ និងវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រៃវែង និងជាប្រធានអង្គការមូលនិធិ ខ្មែរជំនួយការសិក្សានៅកម្ពុជា (CEAF) បានទទួលនូវគ្រឿងឥស្សរិយយសព្រះចៅអធិរាជជប៉ុនមេដាយប្រភេទ The Order of the Rising Sun, Gold Rays with Rosette ជាការទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេង ដល់ការអភិវឌ្ឍន៍ការអប់រំភាសាជប៉ុននៅប្រទេសកម្ពុជា និងការជម្រុញការយល់ដឹងអំពីគ្នាទៅវិញទៅមក រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។ ឯកឧត្តម គូម៉ាម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា អ្នកទាំងឡាយដែលពាក់ព័ន្ធនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន នឹងបន្តទទួលនូវឧត្តមគតិ
របស់លោក គង់ វន ដែលបានរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងដ៏រឹងមាំនៃវិស័យអប់រំ និងបំលាស់ប្តូរ យុវជនរបស់ប្រទេសជប៉ុន និងកម្ពុជា ហើយជំរុញបន្ថែមទៀតនូវសន្ទុះមិត្តភាពរវាងប្រទេសទាំងពីរ និងអាច ចួលរួមជាមួយគ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការទទួលបាន គ្រឿងឥស្សរិយយស ព្រះចៅអធិរាជជប៉ុន ចំពោះ លោក គង់ វន គឺជាកិត្តិយសនិងមោទនភាពដ៏ត្រចះត្រចង់ សម្រាប់លោក គង់ វន និងគ្រួសារ ពិសេសប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ហើយពិធិ ដ៏មានអត្ថន័យនេះ ក៏ជាសញ្ញាណវិជ្ជមាន នៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រជាជនកម្ពុជាជាមួយប្រជាជនជប៉ុនផងដែរ៕




































