ក្រុមហ៊ុនផលិត និងចែកចាយយានយន្ត BMW ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញរបស់ប្រទេស អាល្លឺម៉ង់ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនពិតជាទទួលបានបរិមាណច្រើនមែន សម្រាប់ការលក់ចេញយានយន្តនៅក្នុងខែវិច្ឆិកានេះ ។បើយោងតាមតួលេខ ដែលបង្ហាញឡើងដោយក្រុមហ៊ុនមួយនេះ បានឲ្យដឹងថា រថយន្តចំនួន១៨៨.៣៤២គ្រឿង ក្នុងនោះមាន BMW, Mini និង Rolls-Royce ដែលបានលក់ចេញនៅទូទាំងពិភពលោកនៅត្រឹមចុងខែវិច្ឆិកា ។
សម្រាប់ការលក់ចេញរបស់ BMW សុទ្ធ មានចំនួន ១៥៨.៩៥៣គ្រឿង តួលេខនេះបានកើនឡើង ៦,២ភាគរយ បើធៀបទៅនឹងឆ្នាំមុន ។ គិតនៅក្នុងអំឡុងពេល១១ខែ កន្លងមកនេះ BMW បានលក់ចេញយានយន្តសរុបចំនួន ១.៩០២.៦៩៩គ្រឿង តួលេខនេះបានកើនឡើង ៧,១ភាគរយ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។
លោក Ian Robertson សមាជិកក្រុមប្រឹក្សាគ្រប់គ្រងការលក់ និងទីផ្សារ បានបញ្ជាក់ថា “ការលក់ចេញយានយន្តនៅក្នុងខែវិច្ឆិកា បានបន្តកើនឡើងរហូតដល់ចុងឆ្នាំនេះ ។
រថយន្តម៉ូដែលថ្មីៗបានចាប់ផ្តើមហើយជាមួយនឹងគុណភាពល្អអត់ខ្ចោះ ខណៈនោះដែរ សម្រាប់យានយន្តម៉ូដែលល្បីៗ នៅតែបន្តលក់ចេញកើនឡើងដដែល” ។
លោកបានបន្ថែមថា “យើងអាចនិយាយបានថា នេះជាសមិទ្ធិផលដ៏ត្រចេះត្រចង់មួយ ដែលគោលដៅរបស់យើងសម្រាប់លក់ គឺមានជាង ២លានគ្រឿង រហូតដល់ចុងឆ្នាំនេះ វាជាកំណត់ត្រាថ្មីមួយសម្រាប់ BMW” ៕




































