សៀមរាប កាលពីព្រឹកថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៤នេះ នៅស្រុកអង្គរធំ ខេត្តសៀមរាប មានបើកយុទ្ធនាការ១២ធ្នូ ទិវាប្រឆាំងការជួញដូរមនុស្សក្រោមប្រធានបទ(ធ្វើការងារក្នុងស្រុកក៏ល្អប្រសើរ បេចេញទៅធ្វើការនៅក្រៅប្រទេសត្រូវមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ )ដែលរៀបចំឡើងដោយ
អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ក្រោមអធិបតីភាពរបស់ លោកស្រី យូ សុភា ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធាន ក្រុមប្រឹក្សា អភិបាលស្រុក មន្ត្រីការិយាល័យជុំវិញស្រុក និង អង្គការសង្គមស៊ីវិល ព្រមទាំងកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង មាតាបិតា អាណាព្យាបាលសិស្ស ប្រមាណចំនួន ៣០០នាក់ចូលរួម ។
ក្នុងចំណាប់អារម្មណ៍របស់លោកស្រីឈុំសារ៉ានីប្រធានគ្រប់គ្រងតំបន់ការិយាល័យ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ និង លោក គង់ វិឡា ប្រធានកម្មវិធីនៃសម្ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ ស្ត្រី និង កុមារកម្ពុជា មួយចំនួន បានក្លាយជាវត្ថុជួញដូរ កេងប្រវ័ញ្ច និងធ្វើអាជីវកម្មផ្លូវភេទ តាមរយៈមេខ្យល់ ក្រុមអ្នករកស៊ីរត់ពន្ធមនុស្ស និង បានប្រើប្រាស់គ្រប់កលល្បិចបោកប្រាស់ ទៅតាមគ្រប់រូបភាព ហើយកុមារមួយចំនួនត្រូវបានធ្លាក់ខ្លួនទៅក្នុង អំពើពេស្យាចារ ដោយរងនូវអំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងឬឪពុកម្តាយយកទៅលក់ដើម្បីសង់បំណុលគេនិងកុមារមួយចំនួន ត្រូវបានបង្ខំឲ្យរៀប
អាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលត្រូវបានគេយកទៅលក់ និង កត្តាមួយចំនួន ក៏ធ្វើឲ្យស្ត្រី និង កុមារងាយរងគ្រោះ ក្នុងការជួញដូរ ដោយកង្វះនូវព័ត៌មាន ការអប់រំ សីលធម៌សង្គម ហើយឪពុក ម្តាយមិនអនុវត្តកាតព្វកិច្ច ក្នុងការចិញ្ចឹមកូន ព្រមទាំងសហគមពុំសូវមានកិច្ចសហការទៀតផង ។
មានប្រសាសន៍នោះលោក ឡុង រដ្ឋារក្ស ក៏បានលើកឡើងថា ទិវាជាតិ១២ធ្នូ ស្តីពីការបង្ក្រាប ការរត់ពន្ធ ការជួញដូរមនុស្ស ការធ្វើអាជីវកម្ម ពលកម្មផ្លូវភេទលើស្ត្រី និង កុមារឆ្នាំ២០១៤នេះ ក្នុងគោលបំណង រួមគ្នាបង្ក្រាប អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ដើម្បីការពារសិទ្ធិសេរីភាព និង សេចក្តីថ្លៃផ្នូររបស់មនុស្ស និង ធានានូវ សុខមាលភាពរបស់ ប្រជាពលរដ្ឋ ព្រមទាំងរក្សាការពារ លើកកំពស់នូវទំនៀមទំលាប់ប្រពៃណី ដ៏ល្អរបស់ជាតិ ។
ក្នុងនោះដែរលោកក៏បាន គូសបញ្ជាក់ថា អំពើជួញដូរមនុស្ស អាចកើតឡើងស្របពេលជាមួយ នឹង ការកេងប្រវ័ញ្ចផ្លូវ ភេទ អំពើហិង្សា ការរត់ពន្ធ មនុស្ស និងធ្វើចំណាកស្រុកស្រប ឬខុសច្បាប់ ដោយស្ម័គ្រចិត្ត និង អាចក្លាយជាអំពើជួញមនុស្សខណៈពេលដែលលក្ខខន្ត័បានព្រមព្រៀងគ្នា ព្រមទាំងមានការគំរាមកំហែងផ្លូវចិត្តទៀតផង ។
ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និង កេងប្រវ័ញ្ច វាមិនមែនជា រឿងបុគ្គលណាម្នាក់ គឺជាភារកិច្ចយើងទាំងអស់ គ្នាត្រូវធ្វើការរួមគ្នា ដើម្បីទប់ស្កាត់ការការជួញដូរមនុស្ស និង អំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និង កុមារ តាមគ្រប់រូបភាព ។
លោកស្រី យូ សុភា ក៏បានគូសបញ្ជាកថា អំពើជួញដូរមនុស្ស គឺជាកង្វល់រួមរបស់មនុស្សជាតិ ជាបញ្ហារំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលមាននៅគ្រប់ទិសទីលើសកលលោក ហើយក៏ជាអំពើឧក្រិដ្ឋ និង ជាទាសភាពសម័យថ្មី ដែល សកលលោកមិនអាចអតើអោនឲ្យបាន ហើយក៏ត្រូវបានកំពុងសស្រាក់សស្រាំរួមគ្នាប្រយុទ្ធប្រឆាំងជាដាច់ខាត ។
លោក ស្រីក៏បានបន្តទៀតថា នៅកម្ពុជាយើង ជនល្មើសបានកំពុងយកប្រទេសកម្ពុជា ធ្វើជាទីកន្លែងបញ្ជូន និង ឆ្លងកាត់សម្រាប់ ការជួញដូរមនុស្ស សំខាន់ចំពោះស្ត្រី និង កុមារ ដែលត្រូវគេជួញដូរ ពីតំបន់មួយ ទៅតំបន់មួយ ក្នុង និង ក្រៅប្រទេស នៅ គ្រប់បណ្តាទ្វីប ក្នុងគោលបំណងធ្វើអាជីវកម្មផ្លូវភេទ កេងប្រវញ្ច័ពលកម្ម ជាទាសករ និង ការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ និង ការស្មុំកូនជាដើម ។
លោកស្រី យូ សុភា លើកឡើងថា ក្នុងស្មារតីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិ បាល បានបង្កើតយន្តការសំខាន់ជាច្រើន ដើម្បីជួយដល់ជនរងគ្រោះ និង ផ្តន្ទាទោសជនប្រព្រឹត្តល្មើស ហើយបានទទួល នូវលទ្ធផល លើការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយមានកិច្ចសហការល្អជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និង លើសកលលោក ក្នុងការថែរក្សាសន្តិសុខសង្គម និង ការពារផលប្រយោជន៍ជូនជនរងគ្រោះ។ក្នុងនោះដែរលោកស្រីក៏បានធ្វើការណែនាំនិង ផ្តល់នូវគំនិតល្អៗមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍និងយុវជនកុមារដែលជាសិស្សានុសិស្ស បានយល់ដឹកអំពីល្បិចកលការបោកបញ្ឆោតរបស់ជនទុច្ចរិត។ម្យ៉ាងទៀតយុទ្ធនាការនេះគឺ ដើម្បីរួមគ្នាចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិង
ចូលរួមលុបបំបាត់ការកេងប្រវ័ញ្ចគ្រប់ទម្រង់មកលើកុមារនិងស្ត្រី ដែលជាអំពើរំលោភសិទ្ធិមនុស្សព្រមទាំងសូមយកចំណេះដឹងដែលទទួលនាពេលនេះ ទៅធ្វើការផ្សព្វផ្សាយដល់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួននិងមិត្តភ័ក្តរបស់ខ្លួនឲ្យបានដឹងច្បាស់ពីអត្ថន័យខ្លឹមសារ នៃអត្ថប្រយោជន៍ដែលកើតចេញពីទិវានេះផងដែរ ។
ក្នុងនោះដែរក៏មានការឆ្លើយនូវសំណួរ របស់ប្រជាពលរដ្ឋ និង សិស្សានុសិស្ស ស្តីពីយុទ្ធនាការប្រឆាំងការជួញដូរ មនុស្ស ព្រមទាំងបានធ្វើការដើរដង្ហែរជាក្បួន ឃោសនា និង ចែកនូវលិខិតប័ណ្ណអប់រំទៅតាមបណ្តាភូមិ ឃុំ ក្នុងស្រុកអង្គរធំ នេះផងដែរ ៕




































