ភ្នំពេញ ៖ ២នាក់បងប្អូនបង្កើតជិះម៉ូតូមួយគ្រឿង ម៉ាកស្តុបពី ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ហើយត្រូវ រថយន្តស្ទូចមួយគ្រឿងបើកបរស្របគ្នា បានជ្រុលល្បឿនចាប់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូពេញទំហឹង ដួលប្រាវ ទៅនឹងថ្នល់រួចព្យាយាមបើករត់ បណ្តាលឲ្យកិនម៉ូតូអូសជាង ១០ម៉ែត្រ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២ នឹង ៣០ នាទីរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅចំណុចមុខក្រុមហ៊ុន ផែស្ងួតសូរងួន តាមផ្លូវលេខ ២៧១ សង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុយុវជនម្នាក់ បានជិះម៉ូតូ មួយគ្រឿងម៉ាកស្តុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C 1384ឌុបនារីម្នាក់ត្រូវជាបងស្រីបង្កើត ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្ត្ទចមួយគ្រឿង ប្រភេទស្ត្ទចរាប់តោន បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនស្រប គ្នាជាមួយម៉ូតូស្តុបពី ហើយខណៈនោះរថយន្តបង្កបានបើកវ៉ាម៉ូតូស្តុបពីជិតផុត ក៏ទាញដៃចង្កូតម៉ូតូ បណ្តាលឲ្យម៉ូតូដួលប្រាវទៅនឹងថ្នល់ ហើយម្ចាស់ម៉ូតូខ្ទាតចេញរងរបួសស្រាលទាំង ២នាក់ ចំណែកម៉ូតូវិញ នោះត្រូវរថយន្តបង្កកិនពីលើគៀបជាប់អូសចម្ងាយជាង ១០ ម៉ែត្រការខូចខាតទាំងស្រុង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននឹងនគរបាលចរាចរណ៍ខណ្ឌចំការមន បានចុះអន្តរាគមន៍ធ្វើការ សម្របសម្រួលរវាងភាគីទាំង២ ឲ្យចរចាគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុព្រោះមិនចង់ឲ្យវែងឆ្ងាយ ។
ដោយមានសមត្ថកិច្ចចុះមកពន្យល់បែបនេះភាគីម្ចាស់រថយន្តស្ទូចបានសម្រេចចេញសងថ្លៃជួសជុល ម៉ូតូស្តុបពី ដែលខូចខាតទាំងស្រុងទៅជនរងគ្រោះ ៕