ខេត្តព្រះសីហនុក្រសួងធនធានទឹក និងឧតុនិយមដឹកនាំដោយលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមទទួលបន្ទុកអន្តរាគមន៍ និងរួមដំណើដោយ ឯកឧត្តម លោកជំទាវជាអនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ២រូប បានអញ្ជើញចុះពិនិត្យមើលប្រព័ន្ធធារាសាស្ត្រនៅតាមប៉ុលឌែក្នុងស្រុកព្រៃនប់ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៤ ។
លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមទទួលបន្ទុកអន្តរាគមន៍មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ដែលចូលរួមក្នុងការងារធនធានទឹក បំរើដល់ការងារបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម អោយមានភាពរីកចំរើនទៅថ្ងៃអនាគត ស្របតាមគោលនយោបាយយុទ្ធសាស្ត្រដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចក្រោមការដឹកនាំរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនៅក្នុងផែនការអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៥ខាងមុខ ធ្វើយ៉ាងណាជួយសង្គ្រោះស្រូវប្រជាពលរដ្ឋឪ្យបានទាន់ពេលវេលា មិនត្រូវទុកឪ្យស្រែស្រូវប្រជាពលរដ្ឋខ្វះខាតទឹកដោយមិនមានការជួយអន្តរាគមន៌បូមទឹកជួយសង្គ្រោះស្រូវបានទាន់ពេលវេលា ។ លោកជំទាវ បានផ្តាំផ្ញើឪ្យប្រធានមន្ទីរ ក៌ដូចជាអាជ្ញាធរដែនដីត្រូវសហការគ្នាឪ្យបានល្អ ក្នុងការជួយសម្រូលការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករឪ្យទទួលបានជោគជ័យ និងទទួលបានទិន្នផលខ្ពស់បន្ថែមទៀត ។
លោក អាំង ចាន់ណារ៉ា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុបានបញ្ជាក់ឪ្យដឹងថា ស្រុកព្រៃនប់មានទំនប់ការពារទឹកប្រៃ(ប៉ុលឌែរ) ចំនួន៦កន្លែង មានប្រវែង ៩០គីឡូម៉ែត្រ ទំបន់ប៉ុលឌែរអាចការពារទឹកប្រៃមិនឪ្យហូរចូលផ្ទៃដី បង្ករបង្កើនផលរបស់ប្រជាកសិករបានចំនួន១០.៥០០ហិកតា ទំនប់ប៉ុលឌែរមានទ្វាររំដោះទឹកចំនួន ៣៦កន្លែង និងមានប្រជាពលរដ្ឋរស់នៅចំនួន ៨.០០០គ្រួសារ ស្មើនឹង ៤៣ភូមិ នៅក្នុងឃុំចំនួន ១១ ក្នុងស្រុកព្រៃនប់ ដោយពិនិត្យឃើញមានកន្លែងមួយចំនួនត្រូវទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលអាចធ្វើអោយមានការប៉ះពាល់ដល់ការងារបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើសំណើរទៅក្រសួងចំនួនធនធានទឹក និងឧតុនិយមចំនួន ៤គម្រោង ដើម្បីសុំការជួសជុលថែទាំជាប្រចាំលើទំនប់ទាំង ៦កន្លែង ក្នុងស្រុកព្រៃនប់ ដើម្បីកំឪ្យទឹកប្រៃហូរចូលផ្ទៃដីបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ ។
ក្នុងឪកាសលោកជំទាវដឹកនាំគណៈកម្មការចុះតៅត្រួតពិនិត្យជាក់ស្តែង នៅតាមទំនប់ប៉ុលឌែរចំនួន៣ គឺប៉ុលឌែរទី២ ប៉ុលឌែរទី៣ និង ប៉ូលឌែរទី៤ ដើម្បីធ្វើរបាយការណ៍ដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីពិនិត្យសំរេច និងធ្វើការជួសជុលនៅពេលខាងមុខ ៕


































